(ញូយ៉ក)៖ រដ្ឋមន្ត្រីការបរទេសអាមេរិកលោក ម៉ៃក៍ ប៉ុមប៉េអូ បានសន្យាថា នឹងបង្កើនការដាក់សម្ពាធលើមហាយក្សចិន ជុំវិញបញ្ហាជាច្រើនដោយចោទថា ទីក្រុងប៉េកាំង តែងប្រកាន់ភ្ជាប់នូវគោលនយោបាយគគ្លើន ប្រឆាំងនឹងសហរដ្ឋអាមេរិក។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CNA នៅរសៀលថ្ងៃព្រហស្បតិ៍ ទី៣១ ខែតុលា ឆ្នាំ២០១៩។
ថ្លែងនៅសុន្ទរកថាមួយទៅកាន់វិទ្យាស្ថាន ហ៊ូដសុន (Hudson) របស់ក្រុមអ្នកអភិរក្សនិយម ក្នុងទីក្រុងញូយ៉ក នៅថ្ងៃពុធសប្ដាហ៍នេះ (ម៉ោងនៅញូយ៉ក) លោក ប៉ុមប៉េអូ បានគូសបញ្ជាក់ដូច្នេះថា «នៅថ្ងៃនេះយើងបានដឹងពីកម្រិតដែលគណបក្សកុម្មុយនិស្ដចិន កំពុងប្រកាន់នយោបាយគគ្លើនប្រឆាំងនឹងសហរដ្ឋអាមេរិក និងតម្លៃរបស់យើង...»។ លោករដ្ឋមន្ត្រីការបរទេសអាមេរិកបន្ថែមថា សហរដ្ឋអាមេរិកមិនមែនកំពុងស្វែងរកការប្រឈមមុខដាក់គ្នា ជាមួយចិននោះទេ តែទីក្រុងវ៉ាស៊ីនតោននៅតែចងលើកទឹកចិត្តឱ្យចិនធ្វើ «សេរីភាវូបនីយកម្ម» បន្ថែមទៀត។
គួរជម្រាបថា បើតាមលោក ម៉ៃក៍ ប៉ុមប៉េអូ លោកផ្ទាល់នឹងធ្វើសុន្ទរកថាបន្ថែមទៀតនៅប៉ុន្មានខាងមុខទៀត នេះជុំវិញការប្រឆាំងនឹងទីក្រុងប៉េកាំងលើវិស័យនានា ព្រមទាំងបញ្ហាមួយចំនួនរាប់ចាប់ពីមនោគមវិជ្ជា រហូតដល់ពាណិជ្ជកម្ម ព្រមទាំងការបង្កើនឥទ្ធិពលចិននៅសហរដ្ឋអាមេរិកជាដើម៕