(ឡុងដ៍)៖ កិច្ចព្រមព្រៀងលែងលះជាមួយសហភាពអឺរ៉ុប ឬ Brexit របស់នាយករដ្ឋមន្ត្រីអង់គ្លេស លោក បូរីស ចនសុន (Boris Johnson) អាចនឹងធ្វើឱ្យចក្រភពអង់គ្លេសខាតបង់ប្រាក់ជាង ៩០ពាន់លានដុល្លារ ឬ ១,៤០០ដុល្លារនៃប្រជាជនម្នាក់ក្នុងមួយឆ្នាំ បើធៀបទៅនឹងការបន្តស្ថិតនៅជាសមាជិកសហភាពអឺរ៉ុប។ នេះបើតាមវិទ្យាស្ថានស្រាវជ្រាវសេដ្ឋកិច្ច និងសង្គមចក្រភពអង់គ្លេស (NIESR) ដកស្រង់ចេញផ្សាយដោយ សារព័ត៌មាន Sputnik នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី៣១ ខែតុលា ឆ្នាំ២០១៩។
នៅក្នុងរបាយការណ៍សិក្សាស្រាវជា្រវរបស់ខ្លួន ចេញផ្សាយនៅថ្ងៃពុធសប្ដាហ៍នេះ អ្នកជំនាញសេដ្ឋកិច្ចជាន់ខ្ពស់ម្នាក់នៃវិទ្យាស្ថាន NIESR លោក អាណូ ហេនត៍ស្កេ (Arno Hantzsche) បានគូសបញ្ជាក់ដូច្នេះថា «យើងបានវាយតម្លៃថា ដោយសារតែការចាកចេញពីប្រពន្ធពន្ធគយរួមនៃសហភាពអឺរ៉ុប និងទីផ្សារតែមួយ វាអាចនឹងធ្វើឱ្យប៉ះពាល់ដល់ GDP ពី ៣-៤ភាគរយ ឬអាចគិតជាទំហំខាតបង់ស្មើនឹងជាង ៩០ពាន់លានដុល្លារ ឬ ១,៤០០ដុល្លារនៃប្រជាជនម្នាក់ៗក្នុងមួយឆ្នាំ»។
លោក Hantzsche បានសង្កត់ធ្ងន់បន្ថែមទៀតថា ទំនាក់ទំនងពាណិជ្ជកម្មទេ្ចភាគីក៏ត្រូវបានរំពឹងថា នឹងធ្លាក់ចុះ ៤០ភាគរយផងដែរ ខណៈសេវាកម្មពាណិជ្ជកម្មនឹងធ្លាក់ចុះ ៦០ភាគរយ នៅពេលដែលចក្រភពអង់គ្លេស ចាកចេញពីពន្ធគយរួមអឺរ៉ុប និងទីផ្សាយតែមួយ។
គួរជម្រាបថា ក្រុមប្រឹក្សាអឺរ៉ុបនៅថ្ងៃអង្គារសប្ដាហ៍នេះ បានយល់ព្រមពន្យារពេល Brexit រហូតដល់ថ្ងៃទី ៣១ ខែមករា ឆ្នាំ២០២០ ដើម្បីទុកពេលឱ្យសភាអង់គ្លេស ផ្ដល់សច្ចាប័នសេចក្ដីព្រាងច្បាប់ស្ដីពី Brexit របស់លោក Johnson ដែលនេះមានន័យថា ចក្រភពអង់គ្លេសអាចនឹងចាកចេញពីសហភាពអឺរ៉ុប នៅថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០១៩ ឬក៏ថ្ងៃទី០១ ខែមករា ឆ្នាំ២០១៩ ក្នុងករណីសេចក្ដីព្រាងច្បាប់នេះ ត្រូវបានសភាអនុម័ត៕