(ម៉ូស្គូ)៖ បាតុកម្មតវ៉ានៅក្នុងប្រទេសឈីលី ត្រូវបានគេមើលឃើញថា ហាក់ដូចជាមានសភាពធ្ងន់ធ្ងរជាង បាតុកម្មតវ៉ានៅក្នុងទីក្រុងហុងកុង ប៉ុន្តែបណ្ដាប្រព័ន្ធផ្សព្វផ្សាយលោកខាងលិចជាពិសេសអាមេរិក មិនសូវជាចាប់អារម្មណ៍ ឬចេញផ្សាយអត្ថបទយ៉ាងផុលផុសនោះទេ។ នេះបើតាមសម្តីលោកស្រី ម័រហ្គែន អាតយូឃីណា (Morgan Artyukhina) ដកស្រង់ផ្សាយដោយសារព័ត៌មាន Sputnik នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី៣១ ខែតុលា ឆ្នាំ២០១៩។
លោកស្រី Morgan Artyukhina ដែលជាអ្នកវិភាគព័ត៌មានអន្តរជាតិម្នាក់បានឱ្យដឹងទៀតថា ប្រព័ន្ធផ្សព្វផ្សាយអាមេរិកបានចេញផ្សាយអត្ថបទជាច្រើន ពាក់ព័ន្ធនឹងបាតុកម្មតវ៉ានៅទីក្រុងហុងកុង គឺអាស្រ័យលើគោលនយោបាយការបរទេសអាមេរិក ដែលលោកស្រីផ្ទាល់យល់ថា ពួកគេមានចេតនាបង្កអស្ថេរភាពនៅក្នុងទីក្រុងហុងកុង ពោលគឺនិយាយឱ្យខ្លី ធ្វើយ៉ាងណាក៏ដោយឱ្យតែអាចទាញចិនឱ្យធ្លាក់ចូលក្នុងវិបត្តិ ដែលនឹងអាចបង្អាក់កំណើនសេដ្ឋកិច្ច របស់ប្រទេសមហាយក្សអាស៊ីមួយនេះ។
លោកស្រីបន្ថែមថា បាតុកម្មតវ៉ានៅក្នុងទីក្រុងហុងកុង មិនមានបាតុករណាម្នាក់ត្រូវបានសម្លាប់នោះទេ ក្នុង រយៈពេលជាង ៥ខែមកនេះ ដោយគ្រាន់តែមនុស្សរងរបួស និងជាង ២,៦០០នាក់ត្រូវបានអាជ្ញាធរចាប់ខ្លួនតែប៉ុណ្ណោះ។ ម្យ៉ាងវិញទៀតនៅពេលប៉ូលិសហុងកុង គ្រាន់តែយកកាំភ្លើងផ្ជង់បាតុករកាលពីថ្ងៃទី២៥ ខែសីហា និងបានបាញ់បាតុករម្នាក់ឱ្យរបួសកាលពីថ្ងៃទី០១ ខែតុលា ប្រព័ន្ធផ្សព្វផ្សាយលោកខាងលិច ជាពិសេសអាមេរិក នាំគ្នាចេញផ្សាយអត្ថបទយ៉ាងកក្រើកពិភពលោក ផ្ទុយពីបាតុកម្មនៅឈីលី ឬនៅបារាំងជាដើម។
បើធៀបទៅនឹងបាតុកម្មតវ៉ានៅឈីលី មនុស្សយ៉ាងហោចណាស់ ២០នាក់បានស្លាប់ ក្នុងនោះមាន ០៥នាក់ត្រូវបានប៉ូលិសបាញ់សម្លាប់ ខណៈបាតុករច្រើនជាង ៥,៤០០នាក់ត្រូវបានចាប់ខ្លួន។
គួរបញ្ជាក់ថា បាតុកម្មតវ៉ានៅក្នុងហុងកុង ផ្ទុះឡើងខ្លាំងតាំងតែពីខែឧសភា ដើម្បីប្រឆាំងជំទាស់នឹង សេចក្ដីព្រាងច្បាប់ធ្វើបត្យាប័នជនសង្ស័យទៅកាន់ចិនដីគោក ហើយបើទោះជាសេចក្ដីព្រាងច្បាប់នេះត្រូវ បានលុបចោលជាផ្លូវការក៏ដោយ តែបាតុករហុងកុងនៅតែបន្តការតវ៉ាដដែល។ ចំណែកឯ បាតុកម្មតវ៉ានៅឈីលី គឺផ្ទុះឡើងកាលពីថ្ងៃទី០៦ ខែតុលា នៅពេលដែលអាជ្ញាធរឈីលី បានបង្កើនថ្លៃសេវាធ្វើដំណើរតាមរថភ្លើងប៉ុណ្ណោះ។
យ៉ាងណាក៏ដោយ ប្រធានាធិបតីឈីលីលោក សេបាស្ទាន ភីណេរ៉ា (Sebastian Pinera) បានរុះរើគណៈរដ្ឋមន្ត្រីចោលហើយ ដើម្បីបង្កើតរដ្ឋាភិបាលថ្មីមួយ ក៏ដូចជាដាក់ចេញនូវកំណែទម្រង់សង្គមនានា តបតាមសំណើរបស់ក្រុមបាតុករ៕