(តូក្យូ)៖ រដ្ឋមន្រ្តីជប៉ុនម្នាក់ទៀតហើយ បានសម្រេចលាលែងពីតំណែងនៅថ្ងៃព្រហស្បតិ៍នេះ ចំពោះមុខរឿងអាស្រូវថា ភរិយារបស់លោកបានរំលោភច្បាប់បោះឆ្នោត។ នេះបើតាមការដកស្រង់ការផ្សាយ ចេញពីសារព័ត៌មាន Sputnik នាព្រឹកថ្ងៃព្រហស្បតិ៍ ទី៣១ ខែតុលា ឆ្នាំ២០១៩។
រដ្ឋមន្រ្តីយុត្តិធម៌ជប៉ុន លោក កាវ៉ាអ៊ិ កាត់ស៊ូយូគិ (Kawai Katsuyuki) បានប្រាប់ថា លោកបានផ្ញើលិខិតសុំលាលែងទៅកាន់នាយករដ្ឋមន្រ្តីលោក អាបេ ស៊ីនហ្សូ ខណៈលោក អាបេ បានចេញមុខសុំទោសសាធារណជន ចំពោះបញ្ហារបស់លោក Kawai។ លោក អាបេ បានលើកឡើងថា លោកគឺជាបុគ្គលដែលតែងតាំងលោក Kawai ដូច្នេះហើយលោកយល់ថា វាគឺជាការទទួលខុសត្រូវរបស់លោក ហើយលោកសុំទោសប្រជាជនជប៉ុនទាំងអស់។
គួរជម្រាបថា ការលាលែងពីតួនាទីរបស់លោក Kawai Katsuyuki ធ្វើឡើង បន្ទាប់ពីបណ្តាញសារព័ត៌មានជប៉ុនបានរាយការណ៍ថា ភរិយាលោកគឺលោកស្រី អានរី (Kawai Anri) ដែលជាតំណាងរាស្រ្តមួយរូបនៃគណបក្សប្រជាធិបតេយ្យសេរី (LDP) របស់លោក អាបេ បានចំណាយថវិកាលើក្រុមយុទ្ធនាការឃោសនារបស់លោកស្រី លើសពីចំនួនដែលច្បាប់បោះឆ្នោតបានកំណត់។
លោក Kawai គឺជារដ្ឋមន្រ្តីជប៉ុនទីពីរហើយ ដែលបានលាលែងពីតំណែង ក្នុងកំឡុងពេលត្រឹមប្រមាណមួយសប្តាហ៍ប៉ុណ្ណោះ បន្ទាប់ពីលោក ស៊ូហ្គាវ៉ារ៉ា អ៊ីសហ្សូ (Sugawara Isshu) ដែលជារដ្ឋមន្រ្តីសេដ្ឋកិច្ច-ពាណិជ្ជកម្ម បានសម្រេចលាលែងចេញពីតំណែងដូចគ្នាកាលពីសប្តាហ៍មុន ព្រោះរឿងអាស្រូវពាក់ព័ន្ធថវិកា ១៨៥ដុល្លារអាមេរិក ដែលលោកបានយកចូលបុណ្យសព ប៉ុន្តែត្រូវបានគេចោទថាជាការទិញទឹកចិត្ត៕