(តូក្យូ)៖ អគ្គិភ័យដ៏សម្បើមមួយបានឆាបឆេះវិមាន Shuri ដែលជាទីតាំងប្រវត្តិសាស្ត្រមួយ ត្រូវបានចុះបញ្ជីជាសម្បត្តិបេតិភណ្ឌ ពិភលោករបស់អង្គការ UNESCO ស្ថិតនៅខេត្ត Okinawa ប្រទេសជប៉ុន ដោយបានបំផ្លាញអគារសំខាន់ៗមួយចំនួន។ នេះ បើតាមការចេញផ្សាយដោយសារព័ត៌មាន BBC នៅថ្ងៃព្រហស្បតិ៍ ទី៣១ ខែតុលា ឆ្នាំ២០១៩។
ជាមួយគ្នានោះដែរ បើតាមប្រព័ន្ធផ្សព្វផ្សាយជប៉ុន អគ្គិភ័យត្រូវបានគេរាយការណ៍នៅម៉ោងប្រមាណ ២៖៤០នាទី រំលងអធ្រាត ឈានចូលថ្ងៃព្រហស្បតិ៍នេះ។ ប៉ុន្តែភ្លាមៗ មិនទាន់មានសេចក្ដីរាយការណ៍ពីមូលហេតុបង្កឱ្យភ្លើងឆាបឆេះ ឬក៏ជនរគ្រោះ ណាម្នាក់នៅឡើយទេ ខណៈក្រុមអ្នកពន្លត់អគ្គិភ័យកំពុងប្រយុទ្ធនឹងអណ្ដាតភ្លើង។
គួរបញ្ជាក់ថា វិមាន Shuri ត្រូវបានសាងសង់ឡើងកាលពីជាង៥០០ឆ្នាំមុន ក្រោមរជ្ជកាលស្ដេច Ryukyu ហើយវាត្រូវបានចាត់ទុកជារតនសម្បត្តិជប៉ុននៅឆ្នាំ១៩៣៣។ អគ្គិភ័យធ្លាប់បានឆាបឆេះវិមាន Shuri ម្ដងរួចមកហើយនៅកំឡុងសម័យ សង្រ្គាមលោកទី២ តែត្រូវបានជួសជុលឡើងវិញ៕