(ម៉ូស្គូ)៖ ក្រសួងការពារជាតិរុស្ស៊ី នៅថ្ងៃពុធនេះ បានឱ្យដឹងថា យោធារបស់ខ្លួនបានបាញ់សាកល្បងដោយ ជោគជ័យនូវមីស៊ីលបាលិស្ទីគអន្តរទ្វីបមួយគ្រាប់ ចេញពីនាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរ ដែល ត្រូវបានផលិតឡើង ដើម្បីកម្ទេចប្រព័ន្ធការពារដែនអាកាសលោកខាងលិច។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន BBC នៅថ្ងៃពុធ ទី៣០ ខែតុលា ឆ្នាំ២០១៩។
យោងតាមក្រសួងការពារជាតិរុស្ស៊ី មីស៊ីលខាងលើដែលត្រូវបានធ្វើតេស្ដគឺជាប្រភេទមីស៊ីល Bulava ដោយ វាត្រូវបានបាញ់ចេញពីនាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរស៊េរីថ្មី Prince Vladimir ព្រមទាំងហោះ បានចំងាយរាប់ពាន់គីឡូម៉ែត្រ។ នាវាមុជទឹក Prince Vladimir ទំនងជានឹងត្រូវដាក់ឱ្យដំណើរការនៅ ដំណាច់ឆ្នាំ២០១៩នេះ។
គួរបញ្ជាក់ថា Bulava ត្រូវបានតេស្ដមីស៊ីលចេញពីតំបន់សមុទ្រស ស្ថិតនៅភាគពាយព្យនៃតំបន់ Arkhangelsk ឆ្ពោះទៅកាន់តំបន់ធ្វើតេស្ដមីស៊ីល Kura នៃតំបន់ភាគខាងកើតចុងបំផុតប្រទេសរុស្ស៊ី។ Bulava គឺជាប្រភេទ មីស៊ីលបាលិស្ទីគអន្តរទ្វីប (ICBM) ដែលមានសមត្ថភាពពាំក្បាលគ្រាប់នុយក្លេអ៊ែរពី ៦ដល់១០គ្រាប់ ហើយ អាចបាញ់បានចំងាយ ៨,៣០០គីឡូម៉ែត្រ៕