(ទីប៉េកាំង)៖ បណ្តាញព័ត៌មានរដ្ឋចិន CCTV ទើបតែរាយការណ៍ឲ្យដឹងថា ខេត្តហេបៃ (Hebei) នៃប្រទេសចិន បានបិទស្ពានកញ្ចក់ទាំងអស់ខ្លួនដែលមានប្រមាណ ៣២ទីតាំង តាំងពីខែមីនា ឆ្នាំ២០១៨ មកម្ល៉េះ។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មាន BBC នៅល្ងាចថ្ងៃពុធ ទី៣០ ខែតុលា ឆ្នាំ២០១៩។
កន្លែងកម្សាន្តលក្ខណៈកញ្ចក់រួមមានស្ពាន និងកន្លែងជិះរំអិលជាដើម បានរីកវត្តមានយ៉ាងច្រើននៅក្នុងប្រទេសចិន ដើម្បីទាក់ទាញភ្ញៀវទេសចរ ដែលចង់ទទួលបានបទពិសោធន៍យ៉ាងរំភើបប្លែកៗ។ ប៉ុន្តែឧបទ្ទវហេតុមួយចំនួនធ្លាប់បានកើតឡើង និងមានករណីមនុស្សបាត់បង់ជីវិតយ៉ាងតិច ០២ករណី។ បើតាមការប៉ាន់ស្មានស្ពានកញ្ចក់ប្រមាណ ២,៣០០ខ្សែមានវត្តមាននៅក្នុងប្រទេសចិន។
ស្ពានកញ្ចក់ ហុងយ៉ាគូ (Hongyagu) ដែលជាប់ឈ្មោះជាស្ពានកញ្ចក់វែងជាងគេលើពិភពលោក រហូតដល់ត្រឹមខែឧសភា ឆ្នាំ២០១៩ ក៏ស្ថិតក្នុងចំណោមបណ្តាស្ពានកញ្ចក់ ដែលត្រូវបានបិទទ្វារក្នុងខេត្ត Hebei ផងដែរ។ ក្រៅពីខេត្ត Hebei ស្ពានកញ្ចក់ជាច្រើននៅតាមខេត្តដទៃទៀត ក៏ត្រូវបានបញ្ជាឲ្យបិទដែរ។
គួរជម្រាបថា កាលពីឆ្នាំ២០១៥ ស្ពានកញ្ចក់នៅខេត្ត ហេណាន (Henan) បានកើតមានស្នាមប្រេះ បន្ទាប់ពីសម្ពោធបានត្រឹមពីរសប្តាហ៍។ ចំណែកនៅឆ្នាំ២០១៦ មានករណីមនុស្សបានរងរបួសដោយត្រូវដុំថ្មធ្លាក់ចំ ពេលកំពុងដើរឆ្លងស្ពានកញ្ចក់នៅទីក្រុង ចាងជាជី (Zhangjiajie)។ រីឯកាលពីឆ្នាំ ២០១៧ អ្នកទេសចរម្នាក់បានស្លាប់ ក្នុងឧបទ្ទវហេតុនៅកន្លែងកញ្ចក់សម្រាប់ជិះរំអិលខ្លួនមួយក្នុងខេត្ត Hubei។ ក្នុងឆ្នាំនេះវិញ អ្នកទេសចរម្នាក់ទៀតបានបាត់បង់ជីវិត និង ០៦នាក់ទៀតរងរបួស ក្រោយពីពួកគេធ្លាក់ចេញកន្លែងជិះរំអិលខ្លួនលេង ស្រដៀងគ្នានៅឯខេត្តក្វាងស៊ី (Guangxi)៕