(តេហេរ៉ង់)៖ មេដឹកនាំកំពូលអ៊ីរ៉ង់លោក អាលី ខាមេណៃ (Ali Khamenei) បានអំពាវនាវឲ្យប្រជាជនលីបង់ និងអ៊ីរ៉ាក់ងាកមកកសាងស្ថិរភាពក្នុងប្រទេសពួកគេឡើងវិញ ព្រោះការធ្វើបាតុកម្មរយៈពេលជាច្រើនសប្តាហ៍មកនេះ បានបណ្តាលឲ្យមនុស្សជាង ២៥០នាក់ស្លាប់នៅអ៊ីរ៉ាក់ ខណៈនៅលីបង់វិញលោកនាយករដ្ឋមន្ត្រី សាអាដ ហារីរី (Saad Hariri) បានប្រកាសត្រៀមលាលែងពីតំណែងថែមទៀត។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន Sputnik នៅល្ងាចថ្ងៃពុធ ទី៣០ ខែតុលា ឆ្នាំ២០១៩។

នៅក្នុងសេចក្តីថ្លែងការណ៍មួយក្នុងថ្ងៃពុធនេះ លោក អាលី ខាមេណៃ បានចាត់ទុកចលនាបាតុកម្មដ៏ក្តៅគគុកទាំងនៅលីបង់ និងអ៊ីរ៉ាក់ ថាត្រូវបានដុតពីក្រោយដោយសហរដ្ឋអាមេរិក និងបណ្តារដ្ឋអារ៉ាប់មួយចំនួន នៅក្នុងនោះប្រទេសអ៊ីរ៉ាក់បានកើតមានអំពើហិង្សាខ្លាំងក្លា រហូតបង្ខំឲ្យអាជ្ញាធរធ្វើការបង្ក្រាប ដែលជាលទ្ធផលមនុស្សជាង ២៥០នាក់បានស្លាប់ និងរាប់ពាន់នាក់ទៀតរងរបួស។

គួរបញ្ជាក់ថា បាតុកម្មនៅអ៊ីរ៉ាក់ និងលីបង់មានគោលដៅស្រដៀងគ្នា នោះគឺក្រុមបាតុករបានស្រែកទាមទារឲ្យរដ្ឋាភិបាលរបស់ពួកគេ ដោះស្រាយបញ្ហាជីវភាពប្រចាំថ្ងៃដូចជា ការខ្វះការងារធ្វើ ការកើនឡើងតម្លៃទំនិញ និងសេវាកម្ម ព្រមទាំងបញ្ហានៃអំពើពុករលួយផងដែរ។ ដោយឡែកបាតុករមួយចំនួនទៀត បានឈានទៅទាមទារឲ្យមេដឹកនាំរបស់ពួកគេ ចុះចេញពីតំណែងទៀតផង៕