(ប៉េកាំង)៖ រដ្ឋាភិបាលទីក្រុងប៉េកាំងនាថ្ងៃពុធនេះបានប្រកាសគាំទ្រ ចំពោះការហាមឃាត់សកម្មជនប្រឆាំងនៅហុងកុងលោក ចូសហ័រ វ៉ុង (Joshua Wong) ដែលជាមេដឹកនាំមួយរូបនៃចលនាបាតុកម្មយ៉ាងកក្រើកនៅទីក្រុងនេះ សម្រាប់ការឈរឈ្មោះបោះឆ្នោតថ្នាក់តំបន់នៅខែក្រោយ។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មាន CNA នៅល្ងាចថ្ងៃពុធ ទី៣០ ខែតុលា ឆ្នាំ២០១៩។
កាលពីថ្ងៃអង្គារសប្តាហ៍នេះ អាជ្ញាធររៀបចំការបោះឆ្នោតនៃទីក្រុងហុង បានសម្រេចមិនទទួលស្គាល់លោក Wong ឲ្យឈរឈ្មោះ ក្នុងការបោះឆ្នោតនៅខែវិច្ឆិកាខាងមុខនេះឡើយ។ នាថ្ងៃពុធនេះលោក យ៉ាង ក្វាង (Yang Guang) អ្នកនាំពាក្យការិយាល័យកិច្ចការហុងកុង និងម៉ាកាវរបស់រដ្ឋាភិបាលចិន បានបង្ហាញការគាំទ្រចំពោះការសម្រេចនេះ និងបានរិះគន់លោក Wong ថា កន្លងមកលោកបានប្រឹងទៅទទូចអង្វរឲ្យអំណាចបរទេស ចូលមកជ្រៀតជ្រែកបញ្ហាទីក្រុងហុងកុង ដែលជាបញ្ហាផ្ទៃក្នុងរបស់ប្រទេសចិន ហើយលោកគឺជាមេខ្លោងមួយ ដែលមានចេតនាចង់បំផ្លាញគោលនយោបាយ «ប្រទេសមួយប្រព័ន្ធគ្រប់គ្រងពីរ» ដែលត្រូវបានអនុវត្តប្រកបដោយប្រសិទ្ធភាព អស់រយៈពេលជាច្រើនឆ្នាំមកហើយ។
គួរជម្រាបថា លោក Joshua Wong ដែលបច្ចុប្បន្នមានអាយុ ២៣ឆ្នាំ ទទួលបានភាពលេចធ្លោក្នុងឆាកនយោបាយហុងកុង កាលពីកំឡុងចលនាបាតុកម្មឆ័ត្រឆ្នាំ២០១៤ ហើយលោកត្រូវបានហុងកុង កាត់ទោសជាប់ពន្ធនាគារអស់ប៉ុន្មានឆ្នាំថែមទៀតផង។ កំឡុង ចលនាបាតុកម្ម ប៉ុន្មានខែកន្លងទៅនេះ លោក Wong ក៏ធ្លាប់បានទៅដល់សហរដ្ឋអាមេរិក ដើម្បីអំពាវនាវរកការជួយជ្រោមជ្រែង សម្រាប់ចលនាបាតុកម្មនៅហុងកុងផងដែរ។
ពាក់ព័ន្ធនឹងការបោះឆ្នោតនាខែក្រោយ វាគឺជាការបោះឆ្នោតសម្រាប់ក្រុមប្រឹក្សាសង្កាត់ និងជាលើកដំបូងគិតចាប់តាំងតែពី បាតុកម្មទ្រង់ទ្រាយធំបានផ្ទុះឡើងកាលពីខែមិថុនា ឆ្នាំ២០១៩ ប្រឆាំងរដ្ឋបាលទីក្រុងហុងកុង ដែលបានអូសបន្លាយរហូតមកទល់សព្វថ្ងៃ ហើយលោក Wong គឺជាបេក្ខជនតែម្នាក់គត់ ដែលត្រូវជាប់បម្រាមមិនឲ្យឈរឈ្មោះ៕