(វ៉ាស៊ីនតោន)៖ សេដ្ឋកិច្ចអាមេរិកទំនងជាអាចនឹងមានកំណើនយឺតយ៉ាវ នៅក្នុងត្រីមាសទី ៣ នៃឆ្នាំ២០១៩នេះ ដោយសារតែការធ្លាក់ចុះនៃការចាយវាយ ឬការប្រើប្រាស់សេវាកម្មរបស់ប្រជាជនអាមេរិក ក៏ដូចជាការធ្លាក់ចុះនៃការវិនិយោគ ហើយវាពិតណាស់ថា សង្គ្រាមពាណិជ្ជកម្មជាមួយប្រទេសចិន គឺមូលហេតុចម្បងបំផុត។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CNA នៅរសៀលថ្ងៃពុធ ទី៣០ ខែតុលា ឆ្នាំ២០១៩។
សេដ្ឋកិច្ចអាមេរិកចាប់ផ្ដើមជួបញ្ហា ចាប់តាំងប្រធានាធិបតីលោក ដូណាល់ ត្រាំ ប្រកាសធ្វើសង្រ្គាមពាណិជ្ជកម្មជាមួយចិន អូសបន្លាយមករយៈពេលជាង ១៥ខែមកនេះ។ យោងតាមការសិក្សាស្រាវជ្រាវរបស់អ្នកជំនាញសេដ្ឋកិច្ច នៃទីភ្នាក់ងារព័ត៌មាន Reuters ផលិតផលនៅក្នុងស្រុកសរុប (GDP) របស់អាមេរិកអាចនឹងទទួលបានកំណើន ១.៦ភាគរយ នៅក្នុងត្រីមាសទី ៣ ដែលនេះនឹងក្លាយជាកំណើនយឺតយ៉ាវមួយ បន្ទាប់ពីផលិតផលនៅក្នុងស្រុក សរុបទទួលបានកំណើន ២.០ភាគរយចាប់ពីខែមេសា ដល់ខែមិថុនាកន្លងទៅ។
គួរជម្រាបថា បើតាមអ្នកជំនាញសេដ្ឋកិច្ច ធនាគារកណ្ដាលអាមេរិកត្រូវបានគេរំពឹងថា នឹងកាត់បន្ថយអាត្រាការបា្រក់ជាលើកទី ៣ នៅថ្ងៃពុធ។ ធនាគារកណ្ដាលអាមេរិក បានកាត់បន្ថយអាត្រាការប្រាក់កាលពីខែកញ្ញាកន្លងទៅ ក្រោយកាត់បន្ថយ អាត្រាការប្រាក់កម្ចីកាលពីខែកក្កដា ជាលើកដំបូងបំផុតចាប់តាំងពីឆ្នាំ២០០៨។ នៅពាក់កណ្តាលខែវិច្ឆិកាខាងមុខនេះ ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ និងប្រធានាធិបតីចិនលោក ស៊ី ជិនពីង នឹងត្រូវមុខគ្នាជាថ្មី ហើយកិច្ចព្រមព្រៀងមួយចំនួន ដែលមានគោលដៅបន្ថយកម្តៅនៃសង្គ្រាមពាណិជ្ជកម្មនោះ ក៏នឹងអាចត្រូវចុះហត្ថលេខាផងដែរ៕