(អាមេរិក)៖ ករណីបាញ់ប្រហារបានកើតឡើង កំឡុងកម្មវិធីជប់លៀងមួយនៅថ្ងៃបុណ្យ Halloween ក្នុងទីក្រុង Long Beach នៃរដ្ឋ កាលីហ្វរញ៉ារបស់សហរដ្ឋអាមេរិក ដែលបណ្តាលឲ្យមនុស្ស៣នាក់បាត់បង់ជីវិត និង៩នាក់ទៀតរងរបួស។ នេះបើតាមការដកស្រង់ ការផ្សាយចេញពីសារព័ត៌មាន Mirror នៅរសៀលថ្ងៃពុធ ទី៣០ ខែតុលា ឆ្នាំ២០១៩។
ហេតុការណ៍ខាងលើបានកើតឡើងប៉ុន្មានម៉ោងមុននេះ ដែលត្រូវនឹងម៉ោង១០៖៤៥នាទីយប់ថ្ងៃអង្គារ នៅតំបន់ភាគខាងលិចអាមេរិក ចំពេលមានការរៀបចំកម្មវិធីជប់លៀងអបអរបុណ្យ Halloween។ ក្នុងហេតុការណ៍នោះគ្រាប់កាំភ្លើងយ៉ាងតិច២០គ្រាប់ ត្រូវបានបាញ់ ។ អ្នករងរបួសទាំង៩នាក់ ត្រូវបានបញ្ជូនទៅសង្រ្គោះនៅឯមន្ទីរពេទ្យជាបន្ទាន់ ខណៈប៉ូលិសអាមេរិក កំពុងតាមចាប់ខ្លួនខ្មាន់កាំភ្លើង យ៉ាងហោចណាស់ម្នាក់ ។
គួរជម្រាបថា បើតាមប៉ូលិសអាមេរិកប្រចាំទីក្រុង Long Beach ជនរងគ្រោះទាំង៣នាក់ ដែលបានបាត់បង់ជីវិត គឺជាមនុស្សពេញវ័យ និងជាបុរសទាំងអស់ ស្របពេលដែលពុំមានការបញ្ជាក់ឲ្យច្បាស់ថា តើខ្មាន់កាំភ្លើងមានគ្នាលើសពីម្នាក់ដែរឬយ៉ាងណា៕