(ប៉េកាំង)៖ កាលពីថ្ងៃអង្គារសប្តាហ៍នេះ ក្រសួងបរិស្ថានចិនបានឲ្យដឹងថា ប្រទេសចិនបានបញ្ចេញកាកសំណល់ចំណុះ២០០.៧លាន ម៉ែត្រគូប ចេញទៅកាន់ផ្ទៃសមុទ្រនៅភាគខាងកើតប្រទេស កាលពីឆ្នាំ២០១៨ ដែលវាគឺជាកំណើន២៧ភាគរយធៀបនឹងឆ្នាំ២០១៧។ នេះបើតាមការដក ស្រង់ការផ្សាយចេញពីសារព័ត៌មាន Sputnik នៅរសៀលថ្ងៃពុធ ទី៣០ ខែតុលា ឆ្នាំ២០១៩។
បើតាមក្រសួងបរិស្ថានចិន កាកសំណល់ទាំងនោះភាគច្រើន ត្រូវបានបង្ហូរចូលទៅក្នុងទន្លេ Yangtze និង Pearl ដែលស្ថិតនៅភាគ ខាងកើតប្រទេស ក្បែរតំបន់ឧស្សាហកម្ម។ ចំពោះមុខការរិះគន់ពីក្រុមអង្គការគាំពារបរិស្ថានអន្តរជាតិ ជុំវិញការបង្ហូរកាកសំណល់ ទៅក្នុងទន្លេដែលនឹងហូរចេញទៅកាន់ផ្ទៃសមុទ្រនៅភាគខាងកើតប្រទេសចិនបែបនេះ អនុប្រធាននាយកដ្ឋានបរិស្ថានដែនសមុទ្រ នៃក្រសួងបរិស្ថានចិន លោក Huo Chuanlin បានអះអាងថា ស្ថានភាពជារួមនៃប្រភពទឹកនៅបណ្តោយឆ្នេររបស់ចិន មានលក្ខណៈ ល្អជាធម្មតា ខណៈចិនមិនអាចទទួលខុសត្រូវសម្រាប់វិបត្តិនៃការបំពុលដោយផ្លាស្ទិក នៅក្នុងមហាសមុទ្រជុំវិញពិភពលោកឡើយ។
លោក Huo បាននិយាយថា ចិនគឺជាប្រទេសផលិតនិងនាំចេញផលិតផលផ្លាស្ទិកធំជាងគេបំផុត ប៉ុន្តែមិនមែនមានន័យថា ចិនគឺជា ប្រទេសដែលបំពុលសារធាតុផ្លាស្ទិកខ្លាំងជាងគេ ទៅក្នុងមហាសមុទ្រនោះទេ។ កាលពីឆ្នាំមុន ក្នុងផ្ទៃទឹកទំហំ១,០០០ម៉ែត្រក្រឡា នៅ ប្រទេសចិន គឺជាមធ្យមមានកាកសំណល់ក៏ដូចជាសំរាមប្រហែល២៤គីឡូក្រាម ហើយ៩០ភាគរយនៃកាកសំណល់-សំរាមទាំងនោះ គឺជាសារធាតុផ្លាស្ទិក។
គួរជម្រាបថា នៅឆ្នាំ២០១៩នេះ ចិនក៏បានរៀបចំកញ្ចប់ថវិកាទំហំជិតមួយពាន់លានដុល្លារ សម្រាប់យុទ្ធនាការសម្អាតឆ្នេរ Bohai ដែលរង ការបំពុលខ្លាំងផងដែរ៕