(វ៉ាស៊ីនតោន)៖ ការព្យាយាមបន្តជាប់ឆ្នោតសម្រាប់អាណត្តិទីពីរ របស់ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ ត្រូវគេមើលឃើញថា ជារឿងដ៏គួរឲ្យចាំអារម្មណ៍បំផុតមួយ ក្នុងប្រវត្តិសាស្រ្តនយោបាយរបស់សហរដ្ឋអាមេរិក។ នេះបើតាមការដកស្រង់ការផ្សាយពីសារព័ត៌មាន CNA នៅរសៀលថ្ងៃពុធ ទី៣០ ខែតុលា ឆ្នា២០១៩។
លោក ដូណាល់ ត្រាំ ដែលជាប្រធានាធិបតីអាមេរិកដ៏ចម្រូងចម្រាស់មួយរូបនោះ កំពុងប្រឈមមុខនឹងនីតិវិធីទម្លាក់ចេញពីតំណែង រួមជាមួយការខ្វែងគំនិតគ្នាយ៉ាងតានតឹង រវាងសភាទាំងពីរជាន់ថ្នាក់របស់អាមេរិក ហើយលោកនឹងត្រូវឡើងតតាំងដើម្បីរក្សាតំណែង របស់លោកមួយអាណត្តិទៀត នៅក្នុងការបោះឆ្នោតថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២០ ខណៈបក្សប្រជាធិបតេយ្យអាមេរិក ចង់បង្កក្តីអាម៉ាស់ដល់លោក ដូណាល់ ត្រាំ គឺឲ្យលោកក្លាយជាប្រធានាអាមេរិកទី ៤ ដែលជាប់ឆ្នោតបានតែមួយអាណត្តិប៉ុណ្ណោះ គិតចាប់តាំងតែពីសម័យសង្រ្គាមលោកលើកទីពីរ។
ជោគវាសនារបស់លោក ត្រាំ នៅឆ្នាំក្រោយគឺអាចជះឥទ្ធិពលដល់ពិភពលោកទាំងមូល។ ជម្លោះពាណិជ្ជកម្មជាមួយចិនព្រមទាំងសហភាពអឺរ៉ុប, អនាគតរបស់អង្គការ NATO ការជាប់ពាក់ព័ន្ធរបស់អាមេរិកនៅមជ្ឈិមបូព៌ា, កម្មវិធីនុយក្លេអ៊ែរអ៊ីរ៉ង់, បញ្ហានុយក្លេអ៊ែរ កូរ៉េខាងជើង និងសន្ធិសញ្ញាបម្រែបម្រួលអាកាសធាតុទីក្រុងប៉ារីសជាដើម សុទ្ធតែជាបញ្ហាធំៗដែលនឹងអាស្រ័យថា តើគោលការណ៍ «យកអាមេរិកជាធំ» របស់លោក ត្រាំ នឹងទទួលបានពេល ០៤ឆ្នាំទៀតដែរឬអត់?
រឿងថាបានឬមិនបាននោះទៀតសោត គឺគ្មាននរណាអាចស្មានត្រូវនោះឡើយ ដ្បិតអតីតមហាសេដ្ឋីអចលនទ្រព្យរូបនេះ បានសម្រេចរឿងដែលស្ទើរតែមិនគួរឲ្យជឿ ក្នុងការបោះឆ្នោតកាលពីឆ្នាំ២០១៦។ លោក ដូណាល់ ត្រាំ បានបង្កភាពភ្ញាក់ ផ្អើលជាខ្លាំងដល់ក្រុមជំនាញនៅជុំវិញពិភពលោក នៅពេលដែលលោកបានផ្តួលលោកស្រី ហ៊ីលឡារី គ្លីនតុន ក្នុងការបោះឆ្នោត ជ្រើសរើសប្រធានាធិបតីអាមេរិកកាលពី ៣ឆ្នាំមុន។
ទោះបីជាបែបនេះក្តី ការជាប់ឆ្នោតរបស់លោក ដូណាល់ ត្រាំ កាលពីខែវិច្ឆិកា ឆ្នាំ២០១៦ មិនមែនបានមកដោយរលូននោះឡើយ ដោយលោកត្រូវចាញ់សំឡេងឆ្នោតប្រជាប្រិយ ជាមួយលោកស្រី គ្លីនតុន ដែលបានសំឡេងឆ្នោតលើសលោករហូតដល់ទៅជាង ៣លានសំឡេងឯណោះ។ បន្ទាប់មកទៀតក៏មានការចោទប្រកាន់ទៀតថា ក្រុមឃោសនាស្វែងរកសំឡេងឆ្នោតរបស់លោក ត្រាំ បានលួចទាក់ទងជាមួយមន្ត្រីរុស្ស៊ី ដើម្បីទម្លាយសារឯកជនលោកស្រី ហ៊ីលឡារី គ្លីនតុន ជាហេតុនាំឲ្យលោកស្រីធ្លាក់សំឡេងគាំទ្រ យ៉ាងគំហុកនៅមុនការបោះឆ្នោតតែប៉ុន្មានថ្ងៃប៉ុណ្ណោះ៕