(វ៉ាស៊ីនតោន)៖ នាយកប្រតិបត្តិក្រុមហ៊ុនផលិតយន្ដហោះ Boeing លោក ឌែននីស មុយឡិនប៊ឺក (Dennis Muilenburg) ទទួលរងការរិះគន់យ៉ាងខ្លាំងពីសមាជិកសភាអាមេរិក នៅកុំឡុងពេលផ្ដល់សក្ខីកម្មដ៏តានតឹងមួយ ស្ដីពីការប្ដេជ្ញាចិត្តរក្សាសុវត្ថិភាព ខណៈក្រុមគ្រួសារសាច់ញ្ញាតិនៃជនរងគ្រោះ ដែលបានស្លាប់ក្នុងសោកនាដកម្មធ្លាក់យន្ដហោះ MAX 737 ត្រឹមសម្លឹងមើលពីចំងាយ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CNA នៅព្រឹកថ្ងៃពុធ ទី៣០ ខែតុលា ឆ្នាំ២០១៩។
នៅក្នុងការផ្ដល់សក្ខីកម្មចំពោះមុខសភាអាមេរិក នៅថ្ងៃអង្គារសប្ដាហ៍នេះ និងជាលើកដំបូងបំផុតចាប់តាំង MAX 737 ត្រូវបានបញ្ឈរជើងកាលពីខែមីនាមក លោក Muilenburg បានសម្ដែងការសោកស្ដាយ ព្រមទាំងសូមទោសចំពោះករណីធ្លាក់យន្ដហោះទាំងពីរលើក ជាមួយការទទួលស្គាល់កំហុស ដែលមិនអាចបំពេញតាមស្ដង់ដារមួយចំនួនផងដែរ។
តែយ៉ាងណាក៏ដោយ នាយកប្រតិបត្តិរូបនេះនៅតែការពារដដែល ចំពោះការអភិវឌ្ឍយន្ដហោះ MAX 737 ដែលជាផលិតផលលក់ដាច់ជាងគេរបស់ Boeing ដោយសន្យាថា នឹងមិនឱ្យសោកនាដកម្មកើតឡើងជាថ្មីទៀតនោះទេ។ ដោយឡែក នៅពេលត្រូវបានអ្នកសារព័ត៌មានម្នាក់សួរថា តើនឹងលាលែងពីតំណែងដែរឬទេ? លោក Muilenburg បានបញ្ជាក់យ៉ាងខ្លីដូច្នេះថា «នេះមិនមែនជាអ្វីដែលខ្ញុំកំពុងផ្តោតនោះទេ... ពោលអ្វីដែលខ្ញុំកំពុងផ្ដោតនោះគឺការងាររបស់ខ្ញុំ ក្នុងការដោះស្រាយបញ្ហាសុវត្ថិភាព និងធ្វើអ្វីៗគ្រប់បែបយ៉ាង ដើម្បីធានាសុវត្ថិភាពការហោះហើរ»។
គួរបញ្ជាក់ថា មនុស្សសរុប ៣៤៦នាក់ បានបាត់បង់ជីវិតនៅក្នុងគ្រោះថ្នាក់ធ្លាក់យន្ដហោះ Boeing MAX 737 ដល់ទៅពីរគ្រឿង គឺនៅក្នុងប្រទេសឥណ្ឌូណេស៊ី កាលពីថ្ងៃទី២៩ ខែតុលា ឆ្នាំ២០១៨ និងនៅអេត្យូពី កាលពីថ្ងៃទី១០ ខែមីនា ឆ្នាំ២០១៩ កន្លងទៅ។ បច្ចប្បន្ន Boeing កំពុងដោះស្រាយបញ្ហាបច្ចេកទេសមួយចំនួន ជាពិសេសគឺគ្រប់គ្រងការបត់បែន ស្ថិតនៅកន្ទុយយន្តហោះ (Maneuvering Characteristics Augmentation System) ដែលត្រូវបានគេសន្និដ្ឋានថា អាចជាមូលហេតុធំនាំយន្ដហោះប្រភេទនេះធ្លាក់៕