(បាងកក)៖ ព្រះមហាក្សត្រថៃ ព្រះបាទ មហា វិជ្ជរ៉ាឡុងកន (Maha Vajiralongkorn) បានបណ្ដេញមន្ត្រីវំាង ០៤នាក់បន្ថែមទៀតនៅថ្ងៃអង្គារសប្ដាហ៍នេះ បន្ទាប់ពីព្រះអង្គសម្រេចព្រះទ័យដកតំណែងទាំងអស់ពីអ្នកម្នាង សៃនីណាត វង់វិជ្ជរ៉ាផាកឌី (Sineenat Wongvajirapakdi) កាលពីសប្ដាហ៍មុន ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CNA នៅព្រឹកថ្ងៃពុធ ទី៣០ ខែតុលា ឆ្នាំ២០១៩។
យោងតាមប្រភពពីព្រះរាជវាំងថៃ មន្រ្តីវាំងទាំង ០២រូបដែលត្រូវបានបណ្ដេញចេញពីតំណែង គឺជាឆ្មាំយាមក្រឡាបន្ទំ ដោយសារតែពួកគេប្រព្រឹត្តខុសធ្ងន់ធ្ងរ ដោយបានរំលោភបំពានលើក្រិតក្រម នៃការប្រព្រឹត្តសម្រាប់ព្រះរាជា ។ ចំណែកឯមន្ត្រីពីរនាក់ទៀត ដែលជាយោធាប្រចាំរាជវាំង ក៏ត្រូវបានបណ្ដេញពីតំណែងផងដែរ សម្រាប់ការបំពេញតួនាទីមិនសាកសមជាឆ្មាំរាជវាំង។
គួរបញ្ជាក់ថា កាលពីសប្ដាហ៍មុនព្រះមហាក្សត្រថៃ ព្រះបាទ មហា វិជ្ជរ៉ាឡុងកន (Maha Vajiralongkorn) ក៏បានដកតំណែងមន្រ្តីសរុបចំនួន ០៦នាក់ ដោយសារពួកគេប្រើប្រាស់តួនាទីផ្លូវការរបស់ពួកគេ ទៅកេងចំណេញយកផលប្រយោជន៍ខ្លួនឯង និងសម្រាប់អ្នកដទៃ។ ការដកតំណែងនេះទៀតសោត ធ្វើឡើងតែមួយថ្ងៃប៉ុណ្ណោះ ក្រោយព្រះអង្គដកហូតតំណែង និងឋានៈទាំងអស់របស់អ្នកម្នាង សៃនីណាត វង់វិជ្ជរ៉ាផាកឌី (Sineenat Wongvajirapakdi) ដោយសារតែអ្នកម្នាងត្រូវបានគេរកឃើញថា គ្មានភាពស្មោះត្រង់ និងមានមហិច្ឆតាចង់លើកតម្កើងខ្លួនឲ្យមានឋានៈស្មើនឹងព្រះអគ្គមហេសី។
កាលពីខែកក្កដាកន្លងទៅ គឺរយៈពេលពីរខែបន្ទាប់ពីព្រះបាទ Maha Vajiralongkorn ត្រូវបានអភិសេកជាព្រះមហាក្សត្រថៃតាមប្រពៃណី ទ្រង់បានតែងតាំងអគ្គមហេសី ព្រះនាម សុធីតា (Suthida) ជាផ្លូវការ។ បន្ទាប់មកទៀតព្រះមហាក្សត្រថៃក៏បានប្រទានគោរមងារជា ចៅ ឃុន ហ្វ្រា (Chao Khun Phra) ដល់អ្នកម្នាង Sineenat Wongvajirapakdi ដែលមិនបានប៉ុន្មានខែផង ក៏ត្រូវបានទម្លាក់ពីតំណែងវិញទាំងអស់៕