(ម៉ានីល)៖ គ្រោះរញ្ជួយដីកម្រិតធ្ងន់ ៦.៦រ៉ិចទ័រដែលបានវាយប្រហារតំបន់កោះ មីដាណាវ (Mindanao) ភាគខាងត្បូង នៃប្រទេសហ្វីលីពីន កាលពីព្រឹកថ្ងៃអង្គារនេះ បានផ្តាច់ជីវិតមនុស្សកើនដល់ ៧នាក់ និងបង្កឲ្យ៥០នាក់ផ្សេងទៀតរងរបួស ខណៈអគារជាច្រើនបូករួមទាំងផ្លូវធ្វើដំណើរ ក៏បានទទួលរងការខូចខាតយ៉ាងដំណំផងដែរ។ នេះបើតាមការចេញផ្សាយ ដោយ CNA នៅយប់ថ្ងៃអង្គារ ទី២៩ ខែតុលា ឆ្នាំ២០១៩។
អាជ្ញាធរហ្វីលីពីនបានឲ្យដឹងថា មនុស្សដែលបានបាត់បង់ជីវិត និងទទួលរងរបួសទាំងលើនេះ គឺដោយសារតែត្រូវបានផ្ទះ ឬអគាររលំសង្កត់ ហើយខ្លះទៀតបានត្រូវនឹងបំណែកអគារ។ បើតាមទិន្នន័យនៃទីភ្នាក់ងារស្ទាបស្ទង់ គ្រោះរញ្ជួយដីហ្វីលីពីន (Phivolcs) គ្រោះរញ្ជួយដីខាងលើបានកើតឡើងចំខេត្ត កូតាបាតូ (Cotabato) និងមានជម្រៅត្រឹម ០៧គីឡូម៉ែត្រប៉ុណ្ណោះ ហើយនៅក្រោមផ្ទៃដីតែម្តង ដែលជាហេតុបណ្តាលឲ្យមានការបំផ្លិចបំផ្លាញធ្ងន់ធ្ងរ។
កម្លាំងញ័ររញ្ជួយរបស់វាបានជះដល់តំបន់មួយចំនួនដូចជាទីក្រុង ខៃដាប៉ាវ៉ាន (Kaidapawan), ខេត្ត សារ៉ាងហ្គានី (Sarangani), ទីក្រុង ដាវ៉ៅ (Davao), ទីក្រុង កូរ៉ូនណាដាល (Koronadal), ទីក្រុង កាហ្គាយ៉ាន ឌែអូរ៉ូ (Cagayan de Oro), ទីក្រុង ជែណឺរ៉ល សាន់តូស (General Santos), ទីក្រុង ហ្សាំបូអាងហ្គា (Zamboanga), និងខេត្ត ប៊ូឃីដណុន (Bukidnon)។
អាជ្ញាធរហ្វីលីពីនបានឲ្យដឹងថា នៅតាមតំបន់ដែលទទួលរងឥទ្ធិពលទាំងនោះ មនុស្សម្នាបានផ្អើលរត់ចេញពីក្នុងអគារ និងលំនៅឋានរបស់ពួកគេ។ ខណៈបណ្តាញផ្គត់ផ្គង់អគ្គិសនីខ្លះត្រូវបានកាត់ផ្តាច់ និងអគារមួយចំនួនបានរងការខូចខាត។ រីឯអ្នកជំងឺនៅមន្ទីរពេទ្យមួយកន្លែង ក៏ត្រូវបានជម្លៀសចេញផងដែរ។
គួរជម្រាបថា ខេត្ត Cotabato និងខេត្តក្បែរដទៃទៀតនៅលើកោះ Mindanao ទើបតែបានទទួលរងការវាយប្រហារពី គ្រោះរញ្ជួយដីកម្រិត ៦.៣រ៉ិចទ័រកាលពី ២សប្តាហ៍មុន ដែលបានផ្តាច់ជីវិតមនុស្សយ៉ាងតិច ០៦នាក់ និងបង្កឲ្យរបួស ១៦៧នាក់៕