(ពិភពលោក)៖ នៅថ្ងៃអង្គារ ទី២៩ ខែតុលា ឆ្នាំ២០១៩នេះ ព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗ ជាច្រើនបានកើតឡើង រួមមានទាំង ព្រឹត្តិការណ៍នយោបាយ និងស្ថានការណ៍ទូទាំងសកលលោកដ៏គួរឲ្យចាប់អារម្មណ៍ជាច្រើន។ ដូច្នេះបើចង់ដឹងថាតើព្រឹត្តិការណ៍ រូបភាពប្រចាំថ្ងៃនេះមានអ្វីខ្លះនោះសូមទស្សនាដូចខាងក្រោម៖

១៖ អាចម៍ផ្កាយមានឈ្មោះថា Hygiea ដែលជាដុំថ្មអវកាសធំមួយ នៅតំបន់ខ្សែក្រវាត់អាចម៍ផ្កាយ ដែលស្ថិតនៅចន្លោះ ភពអង្គារ (Mars) និងភពព្រហស្បតិ៍ (Jupiter) នោះ អាចនឹងត្រូវចាត់ថ្នាក់ឡើងវិញ បន្ទាប់ពីទិន្នន័យថ្មីនៃការអង្កេតបានបង្ហាញថា វាអាចជាភពមិនពេញលក្ខណៈដែលគេហៅថា Dwarf Planet។

២៖ គ្រោះរញ្ជួយដីកម្រិតធ្ងន់ ៦.៦រ៉ិចទ័រដែលបានវាយប្រហារតំបន់កោះ មីដាណាវ (Mindanao) ភាគខាងត្បូងនៃប្រទេសហ្វីលីពីនកាលពីព្រឹកថ្ងៃអង្គារនេះ បានផ្តាច់ជីវិតមនុស្សសរុប ០២នាក់ និងបង្កឲ្យ ៥០នាក់ផ្សេងទៀតរងរបួស ខណៈអគារជាច្រើនបូករួមទាំងផ្លូវធ្វើដំណើរ ក៏បានទទួលរងការខូចខាតយ៉ាងដំណំផងដែរ។

៣៖ លោកស្រី សាដាកុ អូហ្គាតា (Sadako Ogata) ជាជនជាតិជប៉ុនម្នាក់ និងស្ត្រីដំបូងគេដែលធ្លាប់បានកាន់តំណែងជាប្រធានឧត្ដមស្នងការ អង្គការសហប្រជាជាតិទទួលបន្ទុកជនភៀសខ្លួន (UNHCR) បានទទួលមរណភាពហើយក្នុងវ័យ ៩២ឆ្នាំ។

៤៖ អភិបាលទីក្រុងហុងកុងលោកស្រី ខារី ឡាំ (Carrie Lam) បាននិយាយថា កំណើនសេដ្ឋកិច្ចនៃទីក្រុងស្វយ័តរបស់ចិនមួយនេះ នឹងអាចទទួលរងផលប៉ះពាល់អវិជ្ជមាន ពេញមួយឆ្នាំ២០១៩នេះតែម្តង ខណៈការតវ៉ាដោយហិង្សាដែលបានអូសបន្លាយជាង ៥ខែមកនេះ ហាក់ដូចជាគ្មានសញ្ញាថាធូរស្រាលនៅឡើយ។

៥៖ សភាតំណាងរាស្ត្រអាមេរិក នឹងធ្វើការបោះឆ្នោតសម្រេចមួយជាផ្លូវការលើកដំបូងបំផុត នៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ (ម៉ោងនៅវ៉ាស៊ីនតោន) ស្ដីពីការស៊ើបអង្កេតដើម្បីដំណើរការនីតិវិធីដកលោក ដូណាល់ ត្រាំ ចេញពីតំណែងជាប្រធានាធិបតីអាមេរិក។

៦៖ មនុស្សយ៉ាងហោចណាស់១៣នាក់ ត្រូវបានបាញ់សម្លាប់ និង៨៦៥នាក់ រងរបួស បន្ទាប់ពីប៉ូលិសអ៊ីរ៉ាក់ បើកការបាញ់ប្រហារដោយប្រើគ្រាប់កំាភ្លើងពិតលើហ្វូងបាតុករ នៅក្នុងទីក្រុង Kerbala ដែលសម្បូរទៅដោយអ្នកកាន់ និកាយស៊ីអ៊ីត៕