(ប៉េកាំង)៖ គិតត្រឹមឆ្នាំ២០២៣ ចិនមានគម្រោងចេញបេសកកម្មថ្មីៗចំនួន៤ ដើម្បីធ្វើការស្រាវជ្រាវផ្នែកវិទ្យាសាស្រ្តនៃទីអវកាស។ នេះបើតាមការដកស្រង់ការផ្សាយចេញពីទីភ្នាក់ងារព័ត៌មាន ស៊ីនហួរ នៅល្ងាចថ្ងៃអង្គារ ទី២៩ ខែតុលា ឆ្នាំ២០១៩។
ផ្កាយរណបស្រាវជ្រាវវិទ្យាសាស្រ្ត ដែលត្រូវបានចិនបញ្ជូនចេញពីផែនដីដោយជោគជ័យ គិតចាប់តាំងពីឆ្នាំ២០១៥មក រួមមាន បេសកកម្ម Dark Matter Particle Explorer (DAMPE) ដែលជាការសិក្សាស្វែងយល់អំពីភាគល្អិតនៃវត្ថុធាតុម៉្យាងហៅថា Dark Matter ដែលមានវត្តមានក្នុងចក្រវាឡយើងនេះ និងបេសកកម្ម Quantum Experiment at Space Sclae (QUESS) ដែលជាការធ្វើពិសោធន៍លើផ្នែកមួយនៃរូបវិទ្យាគេហៅថា Quantum នៅក្នុងលំហអវកាស ព្រមទាំងបេសកកម្ម Hard X-Ray Modulation Telescope (HXMT) ដែលផ្តោតលើការអង្កេកាំរស្មីអ៊ិច និងកាំរស្មី Gamma Ray ដែលបញ្ចេញនៅក្នុងទីអវកាស។
បេសកកម្មទាំងប៉ុន្មានខាងលើ គឺជាជំហានដំបូងនៃកម្មវិធីវិទ្យាសាស្រ្តផ្នែកអវកាសមួយរបស់វិទ្យាស្ថានស្រាវជ្រាវវិទ្យាសាស្រ្តចិន Chinese Academy of Sciences (CAS) ខណៈជំហានទី២នៃកម្មវិធីនេះ គឺត្រូវបានចាប់ផ្តើមហើយកាលពីប៉ុន្មានខែកន្លងទៅនេះ ជាមួយបេសកកម្មទីមួយ មានឈ្មោះថា Taiji-1 ដែលត្រូវបានបញ្ជូនឡើងទៅទីអវកាស កាលពីថ្ងៃទី៣១ ខែសីហា។
គួរជម្រាបថា សម្រាប់គម្រោងបេសកកម្មថ្មីទាំង៤វិញ នឹងរួមមានបេសកកម្ម Gravitational Wave Electromagnetic Counterpart All-sky Monitor (GECAM) ដែលនឹងត្រូវចាប់ផ្តើមនៅចុងឆ្នាំ២០២០។ បេសកកម្មនេះ នឹងផ្តោតទៅលើការស្វែងរករលកសញ្ញាអេឡិចត្រូម៉ាញេទិច ពាក់ព័ន្ធនឹងរលកទំនាញ។ រីឯបេសកកម្ម Advanced Space-borne Solar Observatory (ASO-S) ដែលនឹងប្រព្រឹត្តទៅនៅចុងឆ្នាំ២០២១ នឹងជួយអ្នកវិទ្យាសាស្រ្តចិនបង្កើនការស្វែងយល់អំពីដែនម៉ាញេទិច ព្យុះ និងបន្ទុះព្រះអាទិត្យជាដើម។
បេសកកម្មមួយទៀតគឺ Einstein-Probe (EP) នឹងមានតួនាទីស្វែងរកមើលវត្ថុអវកាសណា ដែលបញ្ចេញកាំរស្មីអ៊ិច រួមជាមួយប្រហោងខ្មៅ ដែលបញ្ចេញថាមពលខ្លាំងៗ។ វានឹងត្រូវបញ្ជូនឡើងទៅអវកាសនៅចុងឆ្នាំ២០២២។ Solar Wind Magnetosphere Ionosphere Link Explorer, or SMILE ដែលជាបេសកកម្មទី៤ គឺជាបេសកកម្មរួមរវាងចិននិងអឺរ៉ុប។ វានឹងត្រូវបង្ហោះឡើងទៅទីអវកាសនៅចុងឆ្នាំ២០២៣ ដើម្បីសិក្សាពីការធ្វើអន្តរកម្មរវាងព្យុះព្រះអាទិត្យ និងស្រទាប់ម៉ាញេទិចរបស់ផែនដី។
ទន្ទឹមគ្នានេះ ចិននៅមានគម្រោងបេសកកម្ម ដែលផ្តោតលើវិទ្យាសាស្រ្តផ្នែកអវកាសបែបនេះ ប្រមាណជា៥ទៀត ដើម្បីចេញដំណើរនៅអំឡុងពេល១០ឆ្នាំ បន្ទាប់ពីឆ្នាំ២០២៣៕