(បាងកក)៖ ក្រុមអ្នកវិភាគយល់ឃើញថា ស្ថានការណ៍តានតឹងផ្នែកពាណិជ្ជកម្មរវាងអាមេរិក និងចិន គឺជាឱកាសសម្រាប់គោលដៅបង្កើត «កិច្ចព្រមព្រៀងពាណិជ្ជកម្មធំមួយនៅអាស៊ី»។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មាន CNA នៅរសៀលថ្ងៃអង្គារ ទី២៩ ខែតុលា ឆ្នាំ២០១៩។
កិច្ចព្រមព្រៀងនៃភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយ នៅក្នុងតំបន់ហៅកាត់ថា RCEP អាចក្លាយជាកិច្ចព្រៀមព្រៀងពាណិជ្ជកម្មសេរីធំជាងគេលើលោក ដែលមានសមាជិក ១៦ប្រទេស។ ខណៈចាប់តាំងតែពីកិច្ចពិភាក្សាបានចាប់ផ្តើម តាំងតែពីឆ្នាំ២០១២ ឧបសគ្គផ្សេងៗបានបង្កភាពរាំងស្ទះ ដើម្បីឆ្ពោះទៅរកការសម្រេចបានកិច្ចព្រមព្រៀងនេះ ក្រុមអ្នកវិភាគឥឡូវកំពុងសម្លឹងឃើញថា វឌ្ឍនភាពនៃកិច្ចពិភាក្សា ហាក់មានសន្ទុះទៅមុខប្រសើរជាងមុន នៅចំពោះមុខសង្រ្គាមពាណិជ្ជកម្មរវាងអាមេរិក និងចិន។
ថៃដែលបច្ចុប្បន្នជាប្រធានអាស៊ាន ក្នុងខែតុលានេះបានឲ្យដឹងថា កិច្ចពិភាក្សាពាក់ព័ន្ធការបើកចំហទីផ្សារនៃប្រទេសជាសមាជិក គឺសម្រេចបានជាង ៨០ភាគរយ ហើយសមាជិកក៏បានឯកភាពគ្នាលើ ១៤ចំណុចក្នុងចំណោមចំណុចទាំង ២០ ផងដែរ។ ការបន្តកិច្ចពិភាក្សាស្តីពីកិច្ចព្រមព្រៀង RCEP នឹងប្រព្រឹត្តទៅក្រោយកិច្ចប្រជុំកំពូលអាស៊ាន ពីថ្ងៃទី៣១ ខែតុលា ដល់ថ្ងៃទី០៤ ខែវិច្ឆិកា នៅទីក្រុងបាងកក។
គួរជម្រាបថា សមាជិក RCEP រួមមានសមាគមន៍ប្រជាជាតិអាស៊ីអាគ្នេយ៍ បូកជាមួយចិន ជប៉ុន ឥណ្ឌា កូរ៉េខាងត្បូង អូស្រ្តាលី និងនូវែលសេឡង់។ ប្រទេសទាំង ១៦ នេះមានទំហំ GPD សរុបចូលគ្នាស្មើនឹងមួយភាគបីនៃទំហំ GPD សកល ហើយចំនួនប្រជាជនសរុប គឺជិតស្មើពាក់កណ្តាលនៃចំនួនប្រជាជននៅលើពិភពលោក៕