(វ៉ាស៊ីនតោន)៖ ទីផ្សារភាគហ៊ុនរបស់ក្រុមហ៊ុន Microsoft បានកើនឡើង ៣.៥ភាគរយ ឬ ១៤៥.៦៧ដុល្លារក្នុងមួយហ៊ុន បន្ទាប់ពីក្រុមហ៊ុនបចេ្ចកវិទ្យាអាមេរិកមួយនេះ ប្រកាសពីការទទួលបានកិច្ចសន្យាខាង cloud-computing (ការផ្ទុកទិន្នន័យតាមបណ្តាញអ៊ីនធើណិត) មានតម្លៃ ១០ពាន់លានដុល្លារពីមន្ទីរការពារជាតិបញ្ចកោណ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Sputnik នៅព្រឹកថ្ងៃអង្គារ ទី២៩ ខែតុលា ឆ្នាំ២០១៩។

កិច្ចសន្យា cloud-computing រវាងមន្ទីរបញ្ចកោណ និងក្រុមហ៊ុន Microsoft គឺផ្ដោតជាសំខាន់ការស្ដុកទុក និងដំណើរការទិន្នន័យសំងាត់ ដើម្បីអនុញ្ញាតឱ្យយោធាអាមេរិក ប្រើប្រាស់ប្រព័ន្ធបញ្ញាសម្បនិម្មិត (AI) ក្នុងគោលដៅពង្រឹង និងបង្កើនសមត្ថភាពរៀបចំផែនការ និងប្រយុទ្ធ។ កិច្ចសន្យានេះមានរយៈពេល 0២ឆ្នាំ និងមានប្រាក់ធានា 0១លានដុល្លារ។

គួរបញ្ជាក់ថា បើតាម Microsoft ក្នុងរយៈពេល 0២ឆ្នាំមកនេះ ក្រុមហ៊ុនបច្ចេកវិទ្យាយក្សអាមេរិកមួយនេះ ទទួលបានកិច្ចសន្យាមានតម្លៃច្រើនជាង ១១ពាន់លានដុល្លារ លើគម្រោង cloud-computing ចំនួន ១០ផ្សេងៗពីគ្នា។ ប៉ុន្តែ ការប្រកាសខាងលើរបស់ Microsoft បានបង្កភាពភ្ញាក់ផ្អើលយ៉ាងខ្លាំង ព្រោះដំបូងឡើយក្រុមហ៊ុន Amazon ទៅវិញទេដែលត្រូវបានគេរំពឹងថា នឹងទទួលបានកិច្ចសន្យាពីមន្ទីរបញ្ចកោណ។ ចំណែកឯក្រុមហ៊ុន Oracle និង IBM ក៏បានចូលរួមដេញថ្លៃផងដែរតែត្រូវជម្រុះចោល ហើយក្រុមហ៊ុន Oracle បានដាក់ពាក្យប្ដឹងនៅខែធ្នូខាងមុខនេះដោយចាត់ទុកថា ការដេញថ្លៃនេះធ្វើឡើងដោយមិនស្មើភាព និងខុសច្បាប់៕