(វ៉ាស៊ីនតោន)៖ សភាតំណាងរាស្ត្រអាមេរិក នឹងធ្វើការបោះឆ្នោតសម្រេចមួយជាផ្លូវការលើកដំបូងបំផុត នៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ (ម៉ោងនៅវ៉ាស៊ីនតោន) ស្ដីពីការស៊ើបអង្កេតដើម្បីដំណើរការនីតិវិធីដកលោក ដូណាល់ ត្រាំ ចេញពីតំណែងជាប្រធានាធិបតីអាមេរិក។ នេះបើតាមលោកស្រី Nancy Pelosi ដកស្រង់ចេញផ្សាយដោយ សារព័ត៌មាន CNA នៅថ្ងៃអង្គារ ទី២៩ ខែតុលា ឆ្នាំ២០១៩។
ប្រធានសភាតំណាងរាស្ត្រអាមេរិកមកពីបក្សប្រជាធិបតេយ្យ លោកស្រី Nancy Pelosi ធ្វើការប្រកាសបែបនេះ នៅក្នុងលិខិតផ្ញើជូនសមាជិកសភាទាំងអស់ នៅថ្ងៃចន្ទសប្ដាហ៍នេះ។ លោកស្រី Pelosi បានបញ្ជាក់នៅក្នុងលិខិតនោះ ដូច្នេះថា៖ «នៅក្នុងសប្ដាហ៍នេះ យើងនឹងបោះឆ្នោតសម្រេចស្ដីពីការស៊ើបអង្កេត ដើម្បីដំណើរការនីតិវិធដកតំណែង ប្រធានាធិបតី ដែលបច្ចុប្បន្នកំពុងដឹកនាំដោយគណៈកម្មាធិការរបស់យើង»។
គួរបញ្ជាក់ថា ការបោះឆ្នោតលើនីតិវិធីដកដំណែង លោក ដូណាល់ ត្រាំ ទំនងជានឹងត្រូវបានអនុម័តដោយ សភាតំណាងរាស្ត្រអាមេរិកគ្រប់គ្រងដោយបក្សប្រជាធិបតេយ្យ ដែលមានសមាជិកសភា២២៨នាក់ ក្នុងចំណោមសមាជិកសភាសរុប៤៣៥នាក់។ ប៉ុន្តែទោះបីជាវាត្រូវបានអនុម័តក៏ដោយ ក៏ការទម្លាក់លោក ត្រាំ ចេញពីតំណែង មិនមែនជារឿងងាយស្រួលនោះទេ ព្រោះដំណោះស្រាយនេះអាចនឹងត្រូវបានទាត់ចោលដោយព្រឹទ្ធសភាអាមេរិក គ្រប់គ្រងដោយគណបក្សសាធារណរដ្ឋ។
លោក ដូណាល់ ត្រាំ បច្ចុប្បន្ន កំពុងប្រឈមមុខនឹងការស៊ើបអង្កេតដកតំណែងប្រធានាធិបតី បន្ទាប់ពីត្រូវបានគេចោទប្រកានថាបានរំលោភលើច្បាប់សហព័ន្ធអាមេរិក ជាមួយការស្នើឱ្យអ៊ុយក្រែន ជួយរូបលោកឱ្យឈ្នះឆ្នោត ម្ដងទៀត នៅក្នុងការបោះឆ្នោតប្រធានាធិបតីនៅខែវិច្ឆិកា ឆ្នាំ២០២០ តាមរយៈការបើកស៊ើបអង្កេតពីបទពុករលួយ ប្រឆាំងនឹងលោក Joe Biden។ លោក Joe Biden គឺជាបេក្ខជនប្រធានាធិបតីនៃគណបក្សប្រជាធិបតេយ្យម្នាក់ ដែលត្រូវបានគេរំពឹងថានឹងក្លាយជាគូប្រជែងដ៏ធំរបស់លោក ត្រាំ៕