(អាមេរិក)៖ យន្តហោះអវកាសដែលពោរពេញដោយអាថ៌កំបាំងរបស់កងទ័ពអាកាសអាមេរិក បានត្រឡប់ចុះមកដល់លើផ្ទៃដីវិញ ហើយ ក្រោយចំណាយពេលជិត២ឆ្នាំក្នុងទីអវកាស។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មាន RT នៅយប់ ថ្ងៃចន្ទ ទី២៨ ខែតុលា ឆ្នាំ២០១៩។
យន្តហោះគ្មានមនុស្សបើកខាងលើ ដែលមានរូបរាងដូចយានអវកាស Space Shuttle នោះ មានឈ្មោះហៅថា X-37B។ វាបាន ចុះចតនៅមជ្ឈមណ្ឌលអវកាស Kennedy របស់ទីភ្នាក់ងារអវកាសអាមេរិក NASA កាលពីថ្ងៃអាទិត្យ ក្រោយស្ថិតក្នុងទីអវកាស អស់រយៈពេល៧៨០ថ្ងៃ។ ពីដំបូងឡើយយន្តហោះអវកាសនេះ ត្រូវបានអភិវឌ្ឍឡើង ដើម្បីឲ្យអាចស្ថិតក្នុងលំហអវកាសត្រឹមតែ ២៤០ថ្ងៃប៉ុណ្ណោះ ប៉ុន្តែមកទល់ពេលនេះ វាបានបំពេញបេសកកម្មក្នុងទីអវកាស៥ដងហើយ ដោយម្តងៗគឺយូរជាង លើកមុនៗ។
សម្រាប់បេសកកម្មលើកនេះ គឺយូរជាងកំណត់ត្រានៃបេសកកម្មចាស់ ដែលបង្កើតឡើងកាលពីថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០១៧ ចំនួន៦២ថ្ងៃ។ គម្រោងអភិវឌ្ឍយន្តហោះអវកាសនេះ បានចាប់ផ្តើមឡើង ក្នុងទម្រង់ជាការសិក្សាមួយរបស់អង្គការ NASA ដើម្បី ផលិតយានអវកាសដែលសន្សំសំចៃ ហើយអាចប្រើប្រាស់ឡើងវិញបាន ប៉ុន្តែវាបានប្រែក្លាយទៅជាគម្រោងសម្ងាត់របស់យោធា អាមេរិកទៅវិញ។
គួរជម្រាបថា មកទល់បច្ចុប្បន្ន ពុំមាននរណាអាចដឹងច្បាស់នោះឡើយ អំពីបេសកកម្មពិតប្រាកដរបស់យន្តហោះអវកាសនេះ៕