Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ទីបំផុតអឺរ៉ុប «ព្រមពន្យារពេលឲ្យអង់គ្លេសម្តងទៀត» ទៅលើដំណើរការ Brexit ដើម្បីចាកចេញពីសហភាពនេះ (Video inside)

28-10-2019 18:34

(ព្រុចសែល)៖ ប្រធានក្រុមប្រឹក្សាអឺរ៉ុបលោក ដូណាល់ ថាសក៍ (Donald Tusk) បានឱ្យដឹងថា សហភាពអឺរ៉ុបបានទទួលយកសំណើពីអង់គ្លេស ដោយពន្យារពេលចាកចេញពីសហភាពអឺរ៉ុប ឬ Brexit រហូតដល់ថ្ងៃទី៣១ ខែមករា ឆ្នាំ២០២០។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន BBC នៅល្ងាចថ្ងៃចន្ទ ទី២៨ ខែតុលា ឆ្នាំ២០១៩។

នៅក្នុងសារមួយបង្ហោះលើ Twitter នៅថ្ងៃចន្ទសប្ដាហ៍នេះ លោក Donald Tusk ក៏បានបញ្ជាក់ដែរថា សហភាពអឺរ៉ុបនឹងអនុញ្ញាតសម្រាប់រយៈពេល Brexit ឬហៅថា "flextension" ពោលគឺនេះមានន័យថា ចក្រភពអង់គ្លេសអាចចាកចេញមុនកាលកំណត់បាន បើសិនជាកិច្ចព្រមព្រៀងមួយត្រូវបានអនុម័តដោយសភា។

គួរបញ្ជាក់ថា ការប្រកាសរបស់លោក Donald Tusk ធ្វើឡើងនៅចំពេលដែលសមាជិកសភាអង់គ្លេស កំពុងត្រៀមខ្លួនបោះឆ្នោតសម្រេចលើ សំណើលោកនាយករដ្ឋមន្ត្រី បូរីស ចនសុន (Boris Johnson) ក្នុងការរៀបចំការបោះឆ្នោតសកលមុនអាណត្តិ នៅថ្ងៃទី១២ ខែធ្នូខាងមុខនេះ។ អង់គ្លេសដំបូងឡើយនឹងត្រូវចាកចេញពីសហភាពអឺរ៉ុប តាមការគ្រោងទុកនៅថ្ងៃទី៣១ ខែតុលានេះ៕