(បាកដាដ)៖ មនុស្សជំនិតម្នាក់របស់មេ ISIS លោក អាប៊ូ បាកឺ អាល់បាកដាឌី (Abu Bakr al-Baghdadi) ឈ្មោះ អ៊ីស្មាអែល អាល់អេថាវី (Ismael al-Ethawi) បានលួចបញ្ជូនព័ត៌មានសំខាន់ៗជាច្រើន ដែលជួយឱ្យសហរដ្ឋអាមេរិក តាមសម្លាប់ចៅហ្វាយនាយរបស់ខ្លួនរហូតដល់បានសម្រេច កាលពីចុងសប្ដាហ៍កន្លងទៅនៅស៊ីរី។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នៅល្ងាចថ្ងៃចន្ទ ទី២៨ ខែតុលា ឆ្នាំ២០១៩។
ទីភ្នាក់ងារព័ត៌មាន Reuters ធ្វើសេចក្ដីរាយការណ៍បែបនេះ ដោយសំអាងលើប្រភពពីមន្ត្រីសន្តិសុខអ៊ីរ៉ាក់ម្នាក់ ក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ។ ប្រភពនេះដដែលបានបញ្ជាក់ដូច្នេះថា «Ismael al-Ethawi បានផ្ដល់ព័ត៌មានសំងាត់សំខាន់ៗជាច្រើន ចាប់តាំងពីដើមឆ្នាំ២០១៩ ដោយបានជួយឱ្យអាជ្ញាធរអ៊ីរ៉ាក់ កំណត់សកម្មភាព និងទីតាំងដែល លោក al-Baghdadi ធ្លាប់ស្ថិតនៅ... ហើយយើងបានសម្រេចចិត្តធ្វើកិច្ចការនេះជាមួយ CIA អាមេរិករហូតដល់អាចសម្លាប់មេ ISIS រូបនេះ»។ ជនឈ្មោះ Ethawi ដែលជាសមាជិកអាល់កៃដាតាំងពីឆ្នាំ២០០៦ ធ្លាប់ត្រូវបានឃាត់ និងឃុំខ្លួនដោយសហរដ្ឋអាមេរិកនៅឆ្នាំ២០០៨ មុននឹងក្លាយជាមនុស្សជំនិតម្នាក់ក្នុងចំណោម ០៥នាក់របស់មេ ISIS។
គួរបញ្ជាក់ថា កាលពីថ្ងៃអាទិត្យម្សិលមិញ ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានទទួលស្គាល់ជាផ្លូវការថា អាប៊ូបាកើ អាល់បាដដាឌី ពិតជាបានស្លាប់ប្រាកដមែន ដោយមេ ISIS រូបនេះបានបំផ្ទុះគ្រាប់បែកសម្លាប់ខ្លួនឯង និងកូនបីនាក់ ក្នុងរូងក្រោមដីមួយកន្លែងស្ថិតនៅភូមិ បារីហ្សា (Barisha) នៃខេត្តអ៊ីលីព (Idlib) ភាគពាយព្យប្រទេសស៊ីរី ក្រោយត្រូវបានតាមប្រមាញ់ ដោយកងកុម៉្មង់ដូរពិសេសអាមេរិក។
ការបំផ្ទុះគ្រាប់បែកបានធ្វើឱ្យសាកសពមេ ISIS ខ្ទេចជាច្រើនបំណែក តែលោក ត្រាំ អះអាងថា ការធ្វើតេស្ដ DNA នៅហ្នឹងកន្លែងបង្ហាញថា អាល់បាដដាឌីពិតជាបានស្លាប់មែន ហើយនៅក្នុងប្រតិបត្តិការវាយឆ្មក់ កាលពីយប់ថ្ងៃសៅរ៍ចុងសប្ដាហ៍កន្លងទៅ មិនមានយោធាអាមេរិកណាម្នាក់ស្លាប់ ឬរងរបួសនោះទេ ដោយគ្រាន់តែឆ្កែមួយក្បាលរងរបួសធ្ងន់ នៅក្នុងការបំផ្ទុះគ្រាប់បែកអត្តឃាតប៉ុណ្ណោះ។
យ៉ាងណាក៏ដោយ ការទទួលស្គាល់ពីការស្លាប់របស់ អាប៊ូបាកើ អាល់បាដដាឌី នៅតែបន្សល់ទុកភាពចម្រូងចម្រាស់នៅឡើយ ដោយខាងក្រសួងការពារជាតិរុស្ស៊ីបានអះអាងថា ខ្លួនមិនបានទទួលព័ត៌មានគួរឱ្យទុកចិត្តណាមួយ ពីប្រតិបត្តិការអាមេរិកដែលនាំទៅរកការសម្លាប់មេ ISIS នោះទេ។ ប៉ុន្តែអ្វីដែលគេដឹងនោះគឺថា មរណភាពរបស់អាល់បាដដាឌី ជាជ័យជម្នះមួយដ៏ធំរបស់លោក ដូណាល់ ត្រាំ ខណៈលោកផ្ទាល់កំពុងរងការរិះគន់យ៉ាងខ្លាំង ដោយសារតែការដកកងទ័ពអាមេរិកចេញពីស៊ីរី និងតស៊ូប្រឆាំងនឹងការស៊ើបអង្កេត ដើម្បីដំណើរការនីតិវិធីដករូបលោកចេញពីតំណែង ប្រធានាធិបតីអាមេរិកពីសំណាក់សភាតំណាងរាស្ត្រ ដឹកនាំដោយបក្សប្រជាធិបតេយ្យ៕