(ឡុងដ៍)៖ ក្រុមហ៊ុនកែច្នៃ (Design) បន្ទះឈីបដ៏ធំ ARM របស់អង់គ្លេស ដែលជាម្ចាស់ម៉ូដែលបន្ទះឈីបនានានៅលើពិភពលោកនោះ នៅទីបំផុតព្រមបើកទ្វារទទួល Huawei ឡើងវិញហើយ ដែលនេះជាសញ្ញាវិជ្ជមានធំមួយអាចឲ្យក្រុមហ៊ុនផ្សេងៗទៀត ធ្វើដូចគ្នាដើម្បីទទួលស្វាគមន៍ការរកស៊ីជាមួយ Huawei ឡើងវិញ បើទោះបីជាទណ្ឌកម្មពីសហរដ្ឋអាមេរិក មិនទាន់ត្រូវបានដកចេញក៏ដោយ។ នេះបើតាមការចេញផ្សាយដោយ Slash Gear នាល្ងាចថ្ងៃចន្ទ ទី២៨ ខែតុលា ឆ្នាំ២០១៩។

ចាប់តាំងពីមុនទណ្ឌកម្មពីសហរដ្ឋអាមេរិក លេចចេញជារូបរាងមកម្ល៉េះ ក្រុមហ៊ុនបច្ចេកវិទ្យាយក្សចិន Huawei បានព្យាយាមកសាងជម្រុកបច្ចេកវិទ្យាដោយខ្លួនឯង ដូចជាការផលិតបន្ទះឈីប Kirin ដ៏សំខាន់បំផុត (ដោយមិនទិញពី Qualcomm) សម្រាប់បំពាក់លើឧបករណ៍បច្ចេកវិទ្យានានារបស់ខ្លួន តាមរយៈក្រុមហ៊ុន HiSilicon។ ប៉ុន្តែក្រុមហ៊ុនចិននេះ នៅតែត្រូវការអាជ្ញាប័ណ្ណពីក្រុមហ៊ុន ARM Holdings ដដែល ដោយវាមានមូលដ្ឋាននៅអង់គ្លេស តែជាកម្មសិទ្ធិរបស់ធនាគារ Softbank របស់ជប៉ុន និងត្រូវបានសុំសិទ្ធិពីក្រុមហ៊ុនអាមេរិក ដែលជាប្រភពបច្ចេកវិទ្យាដើមបង្អស់។

ហេតុដូច្នេះហើយទើប ARM ពីដើមឡើយត្រូវបង្ខំចិត្តអនុវត្តន៍តាម ទណ្ឌកម្មពីទីក្រុងវ៉ាស៊ីនតោនលើ Huawei។ ប៉ុន្តែសេចក្តីរាយការណ៍ថ្មីមួយទៀតបានឲ្យដឹងថា ក្រុមហ៊ុន ARM ទើបតែបានអភិវឌ្ឍន៍ចេញនូវបន្ទះឈីបស៊េរីថ្មី ដែលមានឈ្មោះថា ARMv8 ដោយប្រើប្រាស់បច្ចេកវិទ្យាចេញពីខ្លួនឯងសុទ្ធសាធ និងមិនមែនយកពីសហរដ្ឋអាមេរិកទៀតនោះឡើយ។ ប្រការនេះធ្វើឲ្យក្រុមហ៊ុន ARM អាចផ្តល់អាជ្ញាប័ណ្ណផលិតបន្ទះឈីបប្រភេទថ្មីនេះ ឲ្យទៅក្រុមហ៊ុន HiSilicon របស់ចិន ដើម្បីផលិតវាឲ្យចេញជារូបរាង ហើយផ្គត់ផ្គង់ទៅដល់ Huawei សម្រាប់បំពាក់លើឧបករណ៍អេឡិចត្រូនិករបស់ខ្លួន។

គួរបញ្ជាក់ថា ថ្វីត្បិតដំណឹងខាងលើនេះ ពិតជាគួរឲ្យរីករាយខ្លាំងសម្រាប់ Huawei ប៉ុន្តែបញ្ហាជាមួយ Google វិញ នៅតែរឿងគួរព្រួយបារម្ភធំមួយទៀត ខណៈក្រុមហ៊ុនទាំងពីរនេះ មិនទាន់អាចរកស៊ីជាមួយឡើងវិញបានឡើយ ដោយសាររដ្ឋបាលលោក ដូណាល់ ត្រាំ នៅមិនទាន់ដកទណ្ឌកម្ម។ តែអ្នកជំនាញបច្ចេកវិទ្យាខ្លះបានលើកឡើងថា ច្រកចេញនៅតែមានសម្រាប់ Android លើ Huawei ព្រោះបច្ចេកវិទ្យាទាំងអស់ នៅក្នុងប្រព័ន្ធប្រតិបត្តិការនេះ មិនមែនមានប្រភពដើមចេញពីសហរដ្ឋអាមេរិកទាំងអស់ឡើយ ដោយក្រុមអ្នកអភិវឌ្ឍន៍នានា (Developers) ទូទាំងពិភពលោក បានជួយអភិវឌ្ឍន៍លើផ្នែកជាច្រើនកន្លងមកហើយ៕