(កូឡុំប៊ី)៖ មនុស្ស ០៦នាក់បានស្លាប់នៅក្នុងគ្រោះថ្នាក់ ធ្លាក់ឧទ្ធម្ភាគចក្រយោធាមួយគ្រឿង នៅឯទីក្រុងអាល់បាន (Alban) នៃភាគកណ្ដាលប្រទេសកូឡុំប៊ី។ នេះបើតាមប្រភពពីកងទ័ពអាកាសកូឡុំប៊ី ដកស្រង់ចេញផ្សាយដោយសារព័ត៌មាន Sputnik នៅព្រឹកថ្ងៃចន្ទ ទី២៨ ខែតុលា ឆ្នាំ២០១៩។
យោងតាមកងទ័ពអាកាសកូឡុំប៊ី ឧទ្ធម្ភាគចក្រយោធាខាងលើមានស្ថានភាពល្អប្រសើរ ដោយវាធ្លាប់ត្រូវបានប្រើប្រាស់សម្រាប់ដឹកលោកប្រធានាធិបតីកូឡុំប៊ី និងសម្ដេច ប៉ាប ហ្វ្រង់ស៊ីស (Pope Francis) កំឡុងទស្សនកិច្ចរបស់ព្រះអង្គមកកាន់ប្រទេសកូឡុំប៊ី។
តែយ៉ាងណាក៏ដោយ មូលហេតុពិតប្រាកដនៃគ្រោះថ្នាក់ឧទ្ធម្ភាគចក្រយោធានេះ មិនទាន់ត្រូវបានបញ្ជាក់នៅឡើយទេ ខណៈការស៊ើបអង្កេតកំពុងធ្វើឡើង ហើយកងទ័ពអាកាសកូឡុំប៊ីក៏បានចូលរួមរំលែកទុក្ខ ចំពោះមរណភាពមនុស្សទាំង ០៦នាក់ដែលជិះនៅលើឧទ្ធម្ភាគចក្រនោះផងដែរ៕