(តេហេរ៉ង់)៖ សមាជិកសភាអ៊ីរ៉ង់ លោក Mojtaba Zannour បានព្រមានជាថ្មីថាកងទ័ពអ៊ីរ៉ង់មានសមត្ថភាពកម្ទេចប្រទេស អ៊ីស្រាអែលទាំងមូល ក្នុងរយៈពេលត្រឹមតែ៣០នាទីប៉ុណ្ណោះ នៅក្នុងករណីសង្រ្គាមផ្ទុះឡើង ឬក៏មានការវាយប្រហារណាមួយ មកលើទីក្រុងតេហេរ៉ង់។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Sputnik នៅថ្ងៃអាទិត្យ ទី២៧ ខែតុលា ឆ្នាំ២០១៩។
ការព្រមានខាងលើរបស់លោក Mojtaba Zannour ដែលជាប្រធានគណៈកម្មាធិការសន្តិសុខជាតិ និងគោលនយោបាយ ការបរទេសនៃសភាអ៊ីរ៉ង់ ធ្វើឡើងនៅក្នុងបទសម្ភាសន៍ជាមួយទូរទស្សន៍អ៊ីរ៉ង់ Channel 5 នៅថ្ងៃសៅរ៍ចុងសប្ដាហ៍នេះ និងចំពេលដែលតំបន់មជ្ឈិមបូព៌ា កំពុងប្រឈមមុខនឹងហានិភ័យនៃការផ្ទុះជម្លោះប្រដាប់អាវុធនៅក្នុងតំបន់ទាំងមូល។
ថ្លែងនាឱកាសនោះ លោក Mojtaba បានគូសបញ្ជាក់ដូច្នេះថា៖ «បើសិនជាទីក្រុង តែល អាវីវ ឬទីក្រុងវ៉ាស៊ីនតោន ហ៊ាន បើកការវាយប្រហារណាមួយលើអ៊ីរ៉ង់ នោះអ៊ីស្រាអែលនឹងត្រូវបានកម្ទេចត្រឹមរយៈពេលតែ៣០នាទីប៉ុណ្ណោះ...ដ្បិត កងទ័ព របស់យើងមានសមត្ថភាពទាញយកប្រយោជន៍ពីភាពទន់ខ្សោយរបស់សត្រូវ ហើយអាចធ្វើឱ្យសមត្ថភាពនៃសត្រូវរបស់យើង លែងមានប្រសិទ្ធភាព»។
គួរជម្រាបថា នេះមែនជាលើកទីមួយឡើយដែលលោក Mojtaba ធ្វើការព្រមានបែបនេះ ដោយកាលពីដើមឆ្នាំ២០១៩ លោកក៏ធ្លាប់បានព្រមានកម្ទេចអ៊ីស្រាអែលបែបនេះដែរ។ ប៉ុន្តែ នៅពេលយន្ដហោះចម្បាំងអ៊ីស្រាអែល បើកការវាយប្រហារ លើមូលដ្ឋានយោធានៃកងជីវពលអ៊ីរ៉ង់នៅស៊ីរី ទីក្រុងតេហេរ៉ង់ ត្រូវបានគេមើលឃើញថាមិនបានចាត់វិធានការជាដុំកំភួន ណាមួយអ៊ីស្រាអែលនោះទេ៕