របាយការណ៍៖ មេ ISIS អាប៊ូបាកើ អាល់បាដដាឌី ត្រូវបានកងកុម៉្មង់ដូរពិសេសអាមេរិកសម្លាប់ នៅស៊ីរី (Video inside)
27-10-2019 14:02
(វ៉ាស៊ីនតោន)៖ កងកុម៉្មង់ដូរពិសេសអាមេរិក បានដឹកនាំប្រតិបត្តិការពិសេសមួយតាមបញ្ជារបស់ប្រធានាធិបតី លោក ដូណាល់ ត្រាំ ដោយបានសម្លាប់មេដឹកនាំ ISIS ឈ្មោះ អាប៊ូបាកើ អាល់បាដដាឌី (Abu Bakr al-Baghdadi) នៅលើទឹកដីស៊ីរី។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Newsweek នៅថ្ងៃអាទិត្យ ទី២៧ ខែតុលា ឆ្នាំ២០១៩។
សារព័ត៌មាន Newsweek ផ្អែកលើប្រភពបានមកពីមន្ត្រីយោធាអាមេរិកម្នាក់ ក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ បាន ឱ្យដឹងថា ប្រតិបត្តិការវាយឆ្មក់ជាសំងាត់របស់កងកុម៉្មង់ដូរពិសេសអាមេរិក ធ្វើឡើងកាលពីថ្ងៃសៅរ៍ ម្សិលមិញ នៅក្នុង ខេត្ត Idlib។ លើសពីនេះទៅទៀត មន្ត្រីរូបនេះដដែល ក៏បានអះអាងដែរថា អាប៊ូបាកើ អាល់បាដដាឌី ត្រូវបានសម្លាប់ នៅក្នុងប្រតិបត្តិការវាយឆ្មក់ រីឯប្រភពពីមន្ត្រីបញ្ចកោណ បញ្ជាក់ដូចគ្នាថា ពួកគេមានជំនឿចិត្តខ្ពស់ថាមេដឹកនាំ ISIS រូបនេះពិតជាត្រូវបានសម្លាប់ប្រាកដមែន។
តែយ៉ាងណាក៏ដោយ ព័ត៌មានខាងលើ មិនទាន់ត្រូវបានទទួលស្គាល់ជាផ្លូវការនៅឡើយទេ ហើយនេះក៏មិនមែនជាលើក ទីមួយឡើយដែលមានសេចក្ដីរាយការណ៍ថា អាប៊ូបាកើ អាល់បាដដាឌី ត្រូវបានសម្លាប់ ខណៈលោក ដូណាល់ ត្រាំ នឹងធ្វើសេចក្ដីថ្លែងការណ៍ពិសេសមួយនៅថ្ងៃអាទិត្យនេះ (ម៉ោងនៅវ៉ាស៊ីនតោន)។
គួរបញ្ជាក់ថា មេដឹកនាំ ISIS អាប៊ូបាកើ អាល់បាដដាឌី ត្រូវបានគេចាត់ទុកថាជាមនុស្សគ្រោះថ្នាក់បំផុត លើពិភពលោក ដោយកាលពីខែតុលា ឆ្នាំ២០១១ ទីក្រុងវ៉ាស៊ីនតោន បានចាត់ទុកជននេះជាមេភេរវករម្នាក់ ជាមួយការប្រកាសផ្ដល់ ប្រាក់រង្វាន់១០លានដុល្លារ សម្រាប់ព័ត៌មានទាំងឡាយដែលនាំទៅរកការចាប់ខ្លួន ឬសម្លាប់ជននេះចោលតែម្ដង៕