(សេអ៊ូល)៖ កូរ៉េខាងជើង នៅថ្ងៃអាទិត្យនេះ បានអះអាងថាគ្មានឡើយភាពរីកចម្រើន នៅក្នុងទំនាក់ទំនងរវាងទីក្រុង វ៉ាស៊ីនតោន និងទីក្រុងព្យុងយ៉ាង ហើយសហរដ្ឋអាមេរិកនឹងស្ដាយក្រោយ បើសិនជាបណ្ដោយឱ្យកាលបរិច្ឆេទនៃ ទំនាក់ទំនងមិត្តភាពត្រាំ-គីម អស់សុពលភាព។ នេះបើតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង ដកស្រង់ចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃអាទិត្យ ទី២៧ ខែតុលា ឆ្នាំ២០១៩។
ទូរទស្សន៍រដ្ឋកូរ៉េខាងជើង KCNA ធ្វើការកត់សម្គាល់បែបនេះ ដោយផ្អែកលើសេចក្ដីថ្លែងការណ៍មួយរបស់ប្រធាន គណៈកម្មាធិការសន្តិភាពកូរ៉េ-អាស៊ីប៉ាស៊ីហ្វិក លោក Kim Yong Chol។ សេចក្ដីថ្លែងការណ៍ដដែល បានសង្កត់ធ្ងន់ ដូច្នេះថា៖ « វានឹងក្លាយជារឿងសាកស្ដាយ និងកំហុសមួយដ៏ធំ បើសិនជាសហរដ្ឋអាមេរិក មិនរវល់ ឬបណ្ដោយឱ្យ កាលបរិច្ឆេទនៃទំនាក់ទំនងមិត្តភាពត្រាំ-គីម ដើម្បីរៀបចំកិច្ចចរចានុយក្លេអ៊ែររវាងប្រទេសទាំងពីរ ដែលកំណត់ដោយ លោក គីម អស់សុពលភាព នៅចុងឆ្នាំ២០១៩នេះ»។
គួរបញ្ជាក់ថា នៅក្នុងសេចក្ដីថ្លែងការណ៍ខាងលើ លោក Kim Yong Chol មិនបានបញ្ជាក់ថាតើកូរ៉េខាងជើង នឹង ចាត់វិធានការអ្វីនោះទេ ឆ្លើយតបទៅនឹងសហរដ្ឋអាមេរិក។ ប៉ុន្តែ ក្រោយមានការបង្ហោះរូបភាពរបស់លោក គីម ជុងអ៊ុន ជិះសេះស នៅលើភ្នំ Paekdu ដែលជាភ្នំដ៏ពិសិដ្ឋមួយនៅកូរ៉េខាងជើង អ្នកជំនាញជាច្រើនយល់ថាមេដឹកនាំ ទីក្រុងព្យុងយ៉ាង អាចនឹងធ្វើការសម្រេចចិត្តដ៏ធំមួយក្នុងពេលឆាប់ៗនេះ ខណៈមានការសង្ស័យថាវាអាចជាការ ប្រកាសធ្វើតេស្ដមីស៊ីល ឬអាវុធនុយក្លេអ៊ែរឡើងវិញក៏ថាបាន៕