Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

រុស្ស៊ី៖ ផែនការបង្កើនវត្តមានយោធាអាមេរិក នៅភាគខាងកើតប្រទេសស៊ីរី គឺជា«ទង្វើចោរប្លន់» (Video inside)

27-10-2019 09:57

(ម៉ូស្គូ)៖ ក្រសួងការពារជាតិរុស្ស៊ី បានរិះគន់យ៉ាងខ្លាំងលើផែនការរបស់ទីក្រុងវ៉ាស៊ីនតោន ក្នុងការរក្សា និងបង្កើន វត្តមានយោធាអាមេរិកនៅតំបន់ភាគខាងកើតប្រទេសស៊ីរី ដោយចាត់ទុកថានេះគឺជា «ទង្វើចោរប្លន់» ដែលមានបំណងការពារពួកជួញដូរប្រេងខុសច្បាប់ និងមិនមែនដើម្បីរក្សាសន្តិសុខឡើយ។ នេះបើតាមការចេញ ផ្សាយដោយសារព័ត៌មាន CNA នៅថ្ងៃអាទិត្យ ទី២៧ ខែតុលា ឆ្នាំ២០១៩។

នៅក្នុងសេចក្ដីថ្លែងការណ៍ចេញផ្សាយកាលពីថ្ងៃសៅរ៍ ក្រសួងការពារជាតិរុស្ស៊ី ក៏បានគូសបញ្ជាក់ដែរថា សហរដ្ឋអាមេរិកមិនមានសិទ្ធិអំណាចក្រោមច្បាប់អន្តរជាតិ ឬច្បាប់អាមេរិក ដើម្បីបង្កើនវត្តមានយោធារបស់ខ្លួន នៅក្នុងប្រទេសស៊ីរីនោះទេ។ ក្រសួងមួយនេះបន្ថែមដូច្នេះថា៖ «សកម្មភាពសហរដ្ឋអាមេរិកបច្ចុប្បន្ន ដែលមាន បំណងរក្សា និងបង្កើនវត្តមានយោធា ដើម្បីគ្រប់គ្រងតំបន់ប្រេងនៅភាគខាងកើតប្រទេសស៊ីរី គឺបង្ហាញយ៉ាងច្បាស់ ថាវាជា«ទង្វើចោរប្លន់» ខណៈយោធាអាមេរិក និងក្រុមហ៊ុនសន្តិសុខឯកជន នៅភាគខាងកើតស៊ីរី កំពុងការពារពួក ជួញដូរប្រេងខុសច្បាប់ ដែលរកលុយបានច្រើនជាង៣០លានដុល្លារក្នុងមួយខែ»

គួរជម្រាបថា ប្រតិកម្មខាងលើរបស់ទីក្រុងម៉ូស្គូ កើតមានឡើងបន្ទាប់ពី រដ្ឋមន្ត្រីការពារជាតិអាមេរិក លោក Mark Esper កាលពីថ្ងៃសុក្រកន្លងទៅ បានប្រកាសថាសហរដ្ឋអាមេរិក នឹងបញ្ជូនរថពាសដែក និងកងទ័ពទៅកាន់តំបន់ ភាគខាងកើតប្រទេសស៊ីរី ក្នុងគោលដៅការពារតំបន់ប្រេងកុំឱ្យធ្លាក់ចូលទៅក្នុងកណ្ដាប់ដៃពួកភេរវករ ISIS៕