(ឡុងដ៍)៖ អ្នកបើកបររថយន្ដកុងតឺន័រម្នាក់ ត្រូវបានគេចោទប្រកាន់ហើយពីបទមនុស្សឃាតលើមនុស្ស៣៩នាក់ ដែលគេរកឃើញនៅក្នុងទូរកុងតឺន័រមួយនៅឯតំបន់អ៊ែសសិក (Essex) ប្រទេសអង់គ្លេស។ នេះបើតាមការ ចេញផ្សាយដោយសារព័ត៌មាន BBC នៅថ្ងៃអាទិត្យ ទី២៧ ខែតុលា ឆ្នាំ២០១៩។

លោក Maurice Robinson មានអាយុ២៥ឆ្នាំ ត្រូវបានប៉ូលិសអង់គ្លេសឃាត់ខ្លួន ក្រោយសាកសពមនុស្សប្រុស ៣១នាក់ និងមនុស្សស្រី៨នាក់ ត្រូវបានគេប្រទះឃើញនៅក្នុងទូរកុងតឺន័ររបស់លោក នៅក្នុងទីក្រុង Grays នៃតំបន់ Essex កាលពីថ្ងៃពុធកន្លងទៅ។ លើសពីនេះទៅទៀត បើតាមប៉ូលិសអង់គ្លេស លោក Robinson ក៏ ត្រូវបានចោទប្រកាន់ផងដែរពីបទជួញដូរមនុស្ស លាងលុយកង្វក់ និងជួយសម្រួលដល់ការធ្វើអន្តោប្រវេសន៍ ខុសច្បាប់។

គួរបញ្ជាក់ថា លោក Maurice Robinson ជាអ្នកស្រុកមកពីទីក្រុង Craigavon នៃប្រទេសអ៊ែរឡង់ខាងជើង នឹងត្រូវបង្ហាញខ្លួនចំពោះមុខតុលាការអង់គ្លេស នៅថ្ងៃចន្ទស្អែកនេះ (ម៉ោងនៅអង់គ្លេស)។ ចំណែកឯ មនុស្ស៣នាក់ផ្សេងទៀតកំពុងជាប់ឃុំខ្លួននៅឡើយ ក្រោមបទសង្ស័យថាមានជាប់ពាក់ព័ន្ធនឹងសំណុំរឿងឃាតកម្ម ដ៏រសើបនេះ ខណៈប៉ូលិសអង់គ្លេសកំពុងបញ្ជាក់អត្តសញ្ញាណសាកសពទាំង៣៩នាក់ ដោយផ្ដោតសំខាន់លើ សហគមន៍ជនជាតិវៀតណាម៕