Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

លោក វ្ល៉ាឌីមៀ ពូទីន នឹងបំពេញទស្សនកិច្ចនៅហ្វីលីពីន តបតាមការអញ្ជើញរបស់លោក រ៉ូឌ្រីហ្គោ ឌូតឺតេ

26-10-2019 18:06

(ម៉ានីល)៖ ឯកអគ្គរដ្ឋទូតរុស្ស៊ីប្រចាំនៅប្រទេសហ្វីលីពីន លោក អ៊ីហ្គ័រ ខូវ៉ាអេវ (Igor Khovaev) បានឲ្យដឹងនៅថ្ងៃសៅរ៍នេះថា ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន នឹងមកបំពេញទស្សនកិច្ចនៅប្រទេសហ្វីលីពីន តបតាមការអញ្ជើញរបស់លោកប្រធានាធិបតី រ៉ូឌ្រីហ្គោ ឌូតឺតេ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មានចិន ស៊ីនហួរ នាល្ងាចថ្ងៃសៅរ៍ ទី២៦ ខែតុលា ឆ្នាំ២០១៩។

ទោះបីជាមិនទាន់បញ្ជាក់អ្វីលម្អិតខ្លាំងក៏ដោយ ពាក់ព័ន្ធនឹងពេលវេលាជាក់លាក់ដែលលោក ពូទីន នឹងមក ក៏អគ្គរដ្ឋទូតរុស្ស៊ីខាងលើនេះ បានអះអាងយ៉ាងដូច្នេះថា «ប្រាកដណាស់ យើងនឹងរៀបចំគ្រប់យ៉ាងឲ្យបានល្អ ដើម្បីការបំពេញទស្សនកិច្ចនេះក្នុងពេលឆាប់បំផុត តាមដែលអាចទៅរួច។ វាជាក្តីសុបិនរបស់ខ្ញុំផ្ទាល់ ក្នុងនាមជាឯកអគ្គរដ្ឋទូតរុស្ស៊ី ដែលត្រូវទទួលស្វាគមន៍លោក ប្រធានាធិបតី ពូទីន នៅទីនេះ (ហ្វីលីពីន)»

គួរបញ្ជាក់ថា លោក ឌូតឺតេ បានបញ្ជូនលិខិតជាផ្លូវការមួយទៅកាន់ទីក្រុងម៉ូស្គូ ដើម្បីអញ្ជើញលោក ពូទីន មកបំពេញទស្សនកិច្ចនៅហ្វីលីពីន ទៅតាមពេលវេលាដែលសមគួរណាមួយ ហើយលិខិតនោះក៏ត្រូវបានលោក ពូទីន ទទួលយកដោយក្តីរីករាយផងដែរ។ លោក ឌូតឺតេ ធ្លាប់បានបំពេញទស្សនកិច្ច នៅរុស្ស៊ីម្តងដែរកាលពីខែឧសភា ឆ្នាំ២០១៧៕