(ញូដេលី)៖ មនុស្សសរុបចំនួន១៥០នាក់ បានស្លាប់ក្នុងឧបទ្ទវហេតុរន្ទះបាញ់កំឡុងពេលភ្លៀងធ្លាក់ នៅរដ្ឋ Madhya Pradesh ភាគកណ្តាលប្រទេសឥណ្ឌា ក្នុងរយៈពេល២ខែចុងក្រោយនេះ។ នេះបើតាមការដកស្រង់ការផ្សាយចេញពីទីភ្នាក់ងារព័ត៌មាន ស៊ីនហួរ នៅរសៀលថ្ងៃសៅរ៍ ទី២៦ ខែតុលា ឆ្នាំ២០១៩។

យោងតាមទិន្នន័យក្នុងរបាយការណ៍របស់អាជ្ញាធរឥណ្ឌា បាតុភូតផ្លេកបន្ទោរ ផ្គរលាន់ និងរន្ទះដល់ទៅជាង៦២៥,០០០ករណី បានកើតមាននៅក្នុងរដ្ឋ Madhya Pradesh កាលពីកំឡុងខែសីហា និងខែកញ្ញា ឆ្នាំ២០១៩នេះ។ ជុំវិញបញ្ហានេះ មន្រ្តីជាន់ខ្ពស់ ផ្នែក គ្រប់ គ្រងគ្រោះមហន្តរាយនៃរដ្ឋ Madhya Pradesh លោក Saurabh Singh បានឲ្យដឹងថា ស្ថាប័នលោកកំពុងគ្រោងនឹងបើក យុទ្ធនាការ ដើម្បីជំរុញឲ្យប្រជាជនមានការប្រុង ប្រយ័ត្នខ្ពស់ជាងមុន នៅកំឡុងពេលមានភ្លៀងនិងរន្ទះ ហើយក៏បានស្នើឲ្យមាន ការបំពាក់ឧបករណ៍ការពាររន្ទះ នៅតាម គ្រប់អគាររដ្ឋាភិបាល សាលារៀន និងមន្ទីរពេទ្យផងដែរ។

គួរជម្រាបថា បើតាមការប៉ាន់ប្រមាណ មនុស្សប្រហែលជា៣,០០០នាក់ ត្រូវបាត់បង់ជីវិត ជារៀងរាល់ឆ្នាំ ដោយសារករណី រន្ទះបាញ់ ហើយក្នុងចំណោមនោះ៩៦ភាគរយ គឺកើតឡើងនៅតាមទីជនបទ ខណៈ៧០ភាគនៃចំនួនអ្នកស្លាប់ គឺដោយសារ មនុស្ស ម្នានាំគ្នាទៅជ្រកក្រោមដើមឈើ នៅពេលមានភ្លៀងធ្លាក់៕