(ប៉េកាំង)៖ ក្រុមហ៊ុនផលិតយន្តហោះដ្រូនចិន Rainbow UAV Technology ថ្មីៗនេះ បានឲ្យដឹងថា យន្តហោះដ្រូនសម្រាប់ប្រយុទ្ធ​របស់ខ្លួន Rainbow-4 ទើបតែបានឆ្លងផុតការធ្វើតេស្តហោះហើរជាលើកដំបូង ដែលវាគឺជាសញ្ញាថ្មីមួយទៀតបង្ហាញពីសមត្ថភាព​កាន់តែខ្លាំងឡើង​នៃការអភិវឌ្ឍយន្តហោះដ្រូនប្រភេទប្រយុទ្ធរបស់ប្រទេសចិន។ នេះបើតាមការដកស្រង់ការផ្សាយចេញពី សារព័ត៌មាន Sputnik នៅរសៀលថ្ងៃសៅរ៍ ទី២៦ ខែតុលា ឆ្នាំ២០១៩។

យោងតាមសេចក្តីថ្លែងការណ៍កាលពីថ្ងៃពុធសប្តាហ៍នេះរបស់ក្រុមហ៊ុន Aerospace CH UAV ដែលជាម្ចាស់ក្រុមហ៊ុន Rainbow UAV Technology យន្តហោះដ្រូន Rainbow-4 គ្រឿងដំបូង ដែលត្រូវបានដំឡើងនៅរោងចក្រដំឡើងដ្រូនខ្នាតធំនិងមធ្យមរបស់​ក្រុមហ៊ុននៅក្រុង Taizhou នៃខេត្ត Zhejiang ទើបតែបានបញ្ចប់ការធ្វើតេស្តហោះហើរលើកទីមួយរបស់វា។ ការហោះហើរនោះ បានប្រព្រឹត្តក្នុងចម្ងាយ៩៥គីឡូម៉ែត្រ ជាមួយរយៈពេលប្រហែល៤៨នាទី។

គួរជម្រាបថា ក្នុងរបាយការណ៍ប្រចាំឆ្នាំមួយកាលពីឆ្នាំ២០១៨ របស់ក្រសួងការពារជាតិអាមេរិក ស្តីពីការអភិវឌ្ឍនៃវិស័យការពារ​ជាតិប្រទេសចិន ក្រសួងការពារជាតិអាមេរិក បានសង្កត់ធ្ងន់ជាពិសេស​​អំពីភាពជឿនលឿនកាន់តែខ្លាំងឡើង នៃការអភិវឌ្ឍយន្ត​ហោះដ្រូនយោធារបស់កងទ័ពអាកាសចិន ដែលតាមប្រកៀកនឹងបច្ចេកវិទ្យាដ្រូនរបស់យោធាអាមេរិក៕