(តូក្យូ)៖ នៅថ្ងៃសៅរ៍នេះទឹកជំនន់ និងបំណាក់ដីនៅភាគខាងកើតប្រទេសជប៉ុន បានផ្តាច់ជីវិតមនុស្សសរុបកើនដល់ ០៨នាក់ និង០៤នាក់ទៀតបាត់ខ្លួន ខណៈតំបន់នេះទើបតែបានរងគ្រោះយ៉ាងធ្ងន់ធ្ងរ ដោយសារព្យុះទីហ្វុងកំណាចកាលពី ០២សប្តាហ៍មុន។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មាន CNA នៅព្រឹកថ្ងៃសៅរ៍ ទី២៦ ខែតុលា ឆ្នាំ២០១៩។
នាយករដ្ឋមន្រ្តីជប៉ុនលោក អាបេ ស៊ីនហ្សូ បានបង្ហោះសារមួយលើបណ្តាញសង្គម Twitter យ៉ាងដូច្នេះថា «ពីរសប្តាហ៍បានកន្លងផុតទៅ ចាប់តាំងពីគ្រោះមហន្តរាយដែលបង្កឡើងដោយព្យុះទីហ្វុងទី ១៩ ឈ្មោះហាហ្គីប៊ីស (Hagibis) ហើយភ្លៀងនៅតែបន្តធ្លាក់យ៉ាងជោគជាំ ដូច្នេះអ្នកទាំងអស់គ្នាត្រូវបានណែនាំបង្កើនការប្រុងប្រយ័ត្ន»។ នៅខេត្តជីបា (Chiba) អាជ្ញាធរជប៉ុនបានបង្គាប់ឲ្យជម្លៀសមនុស្ស ៨០,០០០នាក់ ខណៈនៅខេត្ត ហ្វូគូស៊ីម៉ា (Fukushima) មនុស្ស ៣៤០,២០៥នាក់ ត្រូវបានស្នើឲ្យចាកចេញពីលំនៅឋានពួកគេជាបណ្តោះអាសន្ន។
គួរជម្រាបថា កន្លងទៅនេះ ព្យុះទីហ្វុងដ៏អាក្រក់ Hagibis បានបង្កការបំផ្លិចបំផ្លាញយ៉ាងធ្ងន់ធ្ងរដល់ប្រទេសជប៉ុន និងបានបណ្តាល ឲ្យមនុស្សយ៉ាងតិច ៨២នាក់បាត់បង់ជីវិត និងជាង ១០នាក់ទៀតនៅបន្តបាត់ខ្លួនរហូតមកទល់បច្ចុប្បន្ន រួមជាមួយមនុស្សប្រមាណជាង ៣០០នាក់បានទទួលរងរបួស។ កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ ព្យុះត្រូពិចមួយឈ្មោះថា បួឡយ (Bualoi) ក៏បានបោកបក់កាត់ប្រជុំកោះ អូហ្គាសាវ៉ារ៉ា (Ogasawara) របស់ជប៉ុនផងដែរ៕