(បាកដាដ)៖ បាតុកម្មប្រឆាំងរដ្ឋាភិបាលអ៊ីរ៉ាក់ បានផ្ទុះឡើងខ្លាំងក្លាសាជាថ្មីកាលពីថ្ងៃសុក្រ ហើយមកដល់ព្រឹកថ្ងៃសៅរ៍នេះអាជ្ញាធរអ៊ីរ៉ាក់បានអះអាងថា មនុស្សសរុប ៣០នាក់ហើយត្រូវបានគេរាយការណ៍ថាស្លាប់ និងជាង ២,៣០០នាក់ទៀតទទួលរងរបួស ដោយសារការប៉ះទង្គិចគ្នាជាមួយសមត្ថកិច្ច នៅតាមបណ្តាទីក្រុងធំៗរបស់អ៊ីរ៉ាក់ ជាពិសេសរដ្ឋធានីបាកដាដផ្ទាល់តែម្តង។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មានចិន ស៊ីនហួរ នាព្រឹកថ្ងៃសៅរ៍ ទី២៦ ខែតុលា ឆ្នាំ២០១៩។
កាលពីថ្ងៃសុក្រសប្តាហ៍នេះ ក្រុមអ្នកតវ៉ាបានប្រមូលផ្តុំគ្នានៅតាមទីលានធំៗ តាមបណ្តាទីក្រុងរបស់អ៊ីរ៉ាក់ ជាពិសេសទីលានតាហ៍រើ (Tahrir) កណ្តាលរដ្ឋធានីបាកដាដ និងមានចេតនាប្រមូលផ្តុំកម្លាំង ដើម្បីឆ្លងកាត់ចូលទៅក្នុងតំបន់បៃតង (Green Zone) ដែលជាទីតាំងរបស់មជ្ឈមណ្ឌលរដ្ឋបាលទូទៅ របស់រដ្ឋាភិបាលអ៊ីរ៉ាក់ ប៉ុន្តែពួកគេត្រូវបានទប់ស្កាត់ដោយកងកម្លាំងប្រឆាំងកុប្បកម្មរបស់រដ្ឋ ដែលជាហេតុបាននាំឲ្យមានការប៉ះទង្គិចគ្នាដ៏ហិង្សាផ្ទុះឡើងតែម្តង។
ដោយឡែកនៅតាមទីក្រុងនៃខេត្តផ្សេងៗទៀតរបស់អ៊ីរ៉ាក់ដូចជា ឌីក្វា (Dhi Qar), ប្រាស្រា (Basra), ម៉ាយសាន (Maysan), ឌីវ៉ានីយ៉ា (Diwaniya), មូថាន់ណា (Muthanna), ខាបាឡា (Karbala), វ៉ាស៊ីត (Wasit) និងណាចាហ្វ (Najaf) ជាដើម ក្រុមបាតុករក៏បានព្យាយាមសម្រុក ទៅកាន់អគាររដ្ឋាភិបាលដូចគ្នា ដើម្បីទាមទារឲ្យមានការធ្វើកំណែទម្រង់ បង្កើនភាពទទួលខុសត្រូវចំពោះអំពើពុករលួយ និងបង្កើតការងារបន្ថែមជាដើម ប៉ុន្តែវាបានប្រែក្លាយទៅជាអំពើហិង្សាជាមួយសមត្ថកិច្ច ដែលនាំឲ្យមនុស្សស្លាប់ និងរបួសរាប់ពាន់នាក់ ព្រមទាំងអគាររដ្ឋាភិបាលចំនួន ៥០ ត្រូវបានដុតបំផ្លាញ៕