Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

សហរដ្ឋអាមេរិក និងប្រទេសចិនទើបបង្ហាញសញ្ញាវិជ្ជមានបន្ថែម ជុំវិញការដោះស្រាយជម្លោះពាណិជ្ជកម្ម (Video inside)

26-10-2019 09:23

(វ៉ាស៊ីនតោន)៖ ទីភ្នាក់ងារគោលនយោបាយពាណិជ្ជកម្មរបស់អាមេរិក (USTR) បានឲ្យដឹងថា ក្រុមមន្រ្តីអាមេរិក និងចិនកាន់តែខិតជិតទៅរកការសម្រេចបានជាផ្លូវការ នូវផ្នែកមួយចំនួននៃកិច្ចព្រមព្រៀងពាណិជ្ជកម្មដំណាក់កាលទីមួយហើយ បន្ទាប់ពីមន្រ្តីជាន់ខ្ពស់រវាងភាគីទាំងពីរ បានពិភាក្សាគ្នាតាមទូរស័ព្ទកាលពីថ្ងៃសុក្រសប្តាហ៍នេះ។ នេះបើតាមការដកស្រង់ ការផ្សាយចេញពីសារព័ត៌មាន CNA នៅព្រឹកថ្ងៃសៅរ៍ ទី២៦ ខែតុលា ឆ្នាំ២០១៩។

យ៉ាងណាមិញសេចក្តីថ្លែងការណ៍របស់ទីភ្នាក់ងារ USTR មិនបានផ្តល់ព័ត៌មានលម្អិតអ្វីទៀតឡើយ។ ខណៈនេះអាមេរិក និងចិនកំពុងប្រឹងប្រែងរៀបចំឲ្យ «កិច្ចព្រមព្រៀងដំណាក់កាលទីមួយ» ដែលប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានប្រកាសកាលពីថ្ងៃទី១១ ខែតុលា លេចចេញជារូបរាងឡើង។ លោក ត្រាំ បានបង្ហាញក្តីសង្ឃឹមខ្ពស់ថា នឹងអាចចុះកិច្ចព្រមព្រៀងនេះជាមួយប្រធានាធិបតីចិនលោក ស៊ី ជិនពីង នៅខែក្រោយ ក្នុងកិច្ចប្រជុំកំពូលមួយនៅប្រទេសឈីលី។

គួរជម្រាបថា ក្នុងកិច្ចចរចានេះការទិញផលិតផលកសិកម្មអាមេរិក គឺជាប្រធានបទដ៏សំខាន់មួយ។ កំឡុងកិច្ចសន្ទនាកាលពីម្សិលមិញ ទីក្រុងប៉េកាំងចង់ឲ្យសហរដ្ឋអាមេរិក «លុបចោលការដំឡើងពន្ធមួយចំនួន» ដែលត្រូវបានដាក់ ក៏ដូចជាគ្រោងដាក់មកលើទំនិញចិបន្ថែម ជាថ្នូរជាមួយការបង្កើនការទិញផលិតផលកសិកម្មអាមេរិក ដូចជាសណ្តែកសៀងជាដើម ពីសំណាក់ប្រទេសចិន។

មហាយក្សសេដ្ឋកិច្ចពិភពលោកទាំងពីរនេះ កំពុងតែព្យាយាមរំងាប់ភ្លើងសង្រ្គាមពាណិជ្ជកម្ម ដែលបានឆេះអស់រយៈពេលជិត ១៦ខែមកហើយ ដោយវាបានបង្កឲ្យភាគីទាំងសងខាងខាតបង់ និងធ្វើឲ្យទីផ្សារហិរញ្ញវត្ថុពិភពលោក មានភាពរង្គោះរង្គើ ហើយបណ្តាលឲ្យកំណើនសេដ្ឋកិច្ចពិភពលោក អន់ថយសន្ទុះថែមទៀតផង៕