Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ទាហានរុស្ស៊ីបាញ់គ្នាឯងស្លាប់៨នាក់ក្នុងបន្ទាយ នៅតំបន់ចុងបូព៌ាប្រទេសរុស្ស៊ី

25-10-2019 21:51

(ម៉ូស្គូ)៖ ទាហានរុស្ស៊ីម្នាក់បានធ្វើសកម្មភាពបាញ់ប្រហារទៅលើពលទាហានគ្នាឯង ដែលបណ្តាលឲ្យ៨នាក់បាត់បង់ជីវិត។ នេះបើ តាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មាន CGTN នៅយប់ថ្ងៃសុក្រ ទី២៥ ខែតុលា ឆ្នាំ២០១៩។

ហេតុការណ៍ខាងលើបានកើតឡើងនាថ្ងៃសុក្រនេះ នៅមូលដ្ឋានទ័ពមួយកន្លែង ក្នុងក្រុងឈ្មោះថា Gorny នៃតំបន់ Transbaikal ភាគខាងកើតប្រទេសរុស្ស៊ី ចម្ងាយប្រហែល១៥០គីឡូម៉ែត្រភាគខាងជើងព្រំទល់ជាមួយម៉ុងហ្គោល។ យោងតាមក្រុមមន្រ្តីយោធា រុស្ស៊ីនៅតំបន់កើតហេតុ ទាហានម្នាក់នោះ ដែលឥឡូវកំពុងស្ថិតក្រោមការឃុំឃាំង ទំនងបានទទួលរងវិប ត្តិផ្លូវចិត្តខ្លាំង ទើបឈាន ដល់ការបាញ់អ្នករួមការងាររបស់ខ្លួនបែបនេះ។

គួរជម្រាបថា អត្តសញ្ញាណរបស់ខ្មាន់កាំភ្លើងមិនត្រូវបានបញ្ចេញនោះឡើយ ខណៈក្រៅពីមនុស្សបាត់បង់ជីវិតទាំង៨នាក់ ក៏មាន ពីរនាក់រងរបួសផងដែរ ប៉ុន្តែមិនគំរាមកំហែងដល់អាយុជីវិតនោះទេ។ ទន្ទឹមគ្នានេះ អនុរដ្ឋមន្រ្តីការពារជាតិរុស្ស៊ី លោក Andrey Kartapolov បានដឹកនាំគណៈកម្មការពិសេសមួយ ទៅកាន់តំបន់ខាងលើ ដើម្បីបើកការស៊ើបអង្កេតជុំវិញករណីនេះ៕