(ប៉េកាំង)៖ ក្រសួងការបរទេសចិននាថ្ងៃសុក្រនេះបានឲ្យដឹងថា ប៉ូលិសអង់គ្លេសមិនបានបញ្ជាក់ឲ្យច្បាស់បាននៅឡើយទេថា សាកសពមនុស្សទាំង ៣៩នាក់ដែលត្រូវបានរកឃើញក្នុងរថយន្តដឹកកុងតឺន័រនៅ ក្បែរទីក្រុងឡុងដ៍ គឺជាជនជាតិចិន ឬយ៉ាងណា។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មាន CNA នៅរសៀលថ្ងៃសុក្រ ទី២៥ ខែតុលា ឆ្នាំ២០១៩។

មន្រ្តីស្ថានកុងស៊ុលចិនបានធ្វើដំណើរទៅកាន់តំបន់ អ៊ែសសិក (Essex) ដែលជាតំបន់កើតហេតុកាលពីថ្ងៃព្រហស្បតិ៍ គឺមួយថ្ងៃបន្ទាប់ពីក្រុមភ្នាក់ងារសង្រ្គោះបន្ទាន់ បានរកឃើញសពមនុស្សទាំងនោះ នៅក្នុងទូររថយន្តកុងតឺន័រដែលចតចោល នៅសួនឧស្សាហកម្មមួយកន្លែង។ ប៉ូលិសនៅអង់គ្លេសបាននិយាយថា ជនរងគ្រោះទាំងអស់ទំនងជាជនជាតិចិន។ បើតាមសេចក្តីថ្លែងការណ៍នៃក្រសួងការបរទេសចិន ប៉ូលិសអង់គ្លេសកំពុងបន្តផ្ទៀងផ្ទាត់អត្តសញ្ញាណជនរងគ្រោះ ហើយមិនទាន់ប្រាកដថា ពួកគេទាំងអស់ជាជនជាតិចិនមួយរយភាគរយឡើយ។

គួរជម្រាបថា បើតាមប៉ូលិសអង់គ្លេស ក្បាលរថយន្តកុងតឺន័រនោះមានប្រភពមកពីអៀរឡង់ ខណៈទូរកុងតឺន័រវិញមានប្រភពមកពីប៊ែលហ្សិក ហើយអ្នកបើកបររថយន្តត្រូវបានចាប់ខ្លួន និងកំពុងបន្តស្ថិតក្រោមការឃុំឃាំងពីបទសង្ស័យប្រព្រឹត្តអំពើមនុស្សឃាត។ ក្នុងចំណោមអ្នកស្លាប់ទាំង ៣៩នាក់នោះមាន ០៨នាក់ជាស្រ្តី។ ករណីនេះបានធ្វើឲ្យគេនឹកដល់ករណី រកឃើញជនអន្តោប្រវេសន៍ចិនចំនួន ៥៨នាក់ ដែលក្នុងរថយន្តធុនធំមួយគ្រឿងនៅឯទីក្រុង ដូវើ (Dover) របស់អង់គ្លេសកាលពីឆ្នាំ២០០០ ដែលពេលនោះមានតែ ០២នាក់ប៉ុណ្ណោះនៅមានជីវិត៕