(វ៉ាស៊ីនតោន)៖ ក្រុមមន្រ្តីជាន់ខ្ពស់ផ្នែកពាណិជ្ជកម្មអាមេរិកនិងចិន នឹងពិភាក្សាគ្នានៅថ្ងៃសុក្រសប្តាហ៍នេះ ស្តីពីគម្រោងសម្រាប់ ឲ្យចិនទិញផលិតផលកសិកម្មបន្ថែមពីសហរដ្ឋអាមេរិក ប៉ុន្តែទីក្រុងប៉េកាំងត្រូវគេរំពឹងថា នឹងស្នើឲ្យទីក្រុងវ៉ាស៊ីនតោន លុបចោល វិញនូវគម្រោងដំឡើងពន្ធ ក៏ដូចជាការដំឡើងពន្ធមួយចំនួន ដែលត្រូវបានដាក់លើទំនិញចិន។ នេះបើតាមការដកស្រង់ការផ្សាយ ចេញពីទីភ្នាក់ងារព័ត៌មាន Reuters នៅរសៀលថ្ងៃសុក្រ ទី២៥ ខែតុលា ឆ្នាំ២០១៩។
ប្រធានទីភ្នាក់ងារគោលនយោបាយពាណិជ្ជកម្មអាមេរិកលោក Robert Lighthizer, រដ្ឋមន្រ្តីហិរញ្ញវត្ថុអាមេរិក លោក Steven Mnuchin និងឧបនាយករដ្ឋមន្រ្តីចិន លោក Liu He នឹងជជែកគ្នាតាមទូរស័ព្ទនាថ្ងៃសុក្រនេះ ក្រោមក្របខណ្ឌនៃកិច្ចប្រឹងប្រែង ចរចាដើម្បីបញ្ចប់សង្រ្គាមពាណិជ្ជកម្មរវាងមហាយក្សសេដ្ឋកិច្ចទាំងពីរ ដែលបានអូសបន្លាយជិត១៦ខែមកហើយ។ ភាគីទាំងពីរ កំពុងព្យាយាមរៀបចំកិច្ចព្រមព្រៀងដំណាក់កាលទីមួយ ដែលប្រកាសដោយលោក ដូណាល់ ត្រាំ កាលពីថ្ងៃទី១១ ខែតុលា ឲ្យលេចចេញជារូបរាងឡើង ដើម្បីឲ្យលោក ត្រាំ និងលោក ស៊ី ជិនពីង អាចចុះហត្ថលេខាបាន នៅខែក្រោយនេះ ក្នុងកិច្ចប្រជុំ កំពូលមួយនៅប្រទេសឈីលី។
បច្ចុប្បន្ន លោក ដូណាល់ ត្រាំ បានយល់ព្រមចំពោះតែការលុបចោលគម្រោងដំឡើងពន្ធកាលពីថ្ងៃទី១៥ ខែតុលា លើទំនិញចិន ទំហំ២៥០ពាន់លានដុល្លារប៉ុណ្ណោះ ស្របពេលដែលភាគីទាំងពីរបានមូលមតិគ្នាលើចំណុចមួយចំនួន រួមមានការទិញផលិតផល កសិកម្មអាមេរិក ការបង្កើនភាពបើកចំហនៃទីផ្សារសេវាហិរញ្ញវត្ថុចិន ការបង្កើនការការពារកម្មសិទ្ធិបញ្ញា និងបញ្ហារូបិយវត្ថុ។
យ៉ាងណាមិញ មុនពេលកិច្ចព្រមព្រៀងដំណាក់ទីមួយនេះ អាចក្លាយជាការពិតបាន ទីក្រុងប៉េកាំងត្រូវគេរំពឹងថា នឹងស្នើឲ្យទីក្រុង វ៉ាស៊ីនតោន បោះបង់ចោលគម្រោងដំឡើងពន្ធលើទំនិញចិនទំហំ១៥៦ពាន់លានដុល្លារ ដែលនឹងត្រូវអនុវត្តនៅថ្ងៃទី១៥ ខែធ្នូ។ ក្រៅពីនេះ ចិនអាចទំនងជានឹងព្យាយាមទាមទារឲ្យអាមេរិកដកការដំឡើងពន្ធដល់១៥ភាគរយលើទំនិញចិនទំហំ១២៥ពាន់លាន ដុល្លារ ដែលត្រូវបានអនុវត្តកាលពីថ្ងៃទី១ ខែកញ្ញាផងដែរ៕