(វ៉ាស៊ីនតោន)៖ នាថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ អនុប្រធានាធិបតីអាមេរិកលោក ម៉ៃក៍ ភែន (Mike Pence) បានចោទប្រទេសចិនថា កំពុងតែធ្វើឲ្យសិទ្ធិ និងសេរីភាពនៅទីក្រុងហុងកុង ចុះអន់ថយជាខ្លាំង ហើយលោកក៏បានរិះគន់ក្រុមហ៊ុនអាមេរិកដូចជា ណៃក៍ (Nike) និងសមាគម កីឡាបាល់បោះជាតិអាមេរិក NBA ផងដែរដែលបានឱនលំទោនដាក់ចិន។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មាន CNA នៅរសៀលថ្ងៃសុក្រ ទី២៥ ខែតុលា ឆ្នាំ២០១៩។
ក្នុងការថ្លែងសុន្ទរកថាមួយ ស្តីពីគោលនយោបាយពាក់ព័ន្ធប្រទេសចិន លោក Pence បានលើកឡើងយ៉ាងដូច្នេះថា «ក្រុងហុងកុងគឺជាឧទាហរណ៍ជាក់ស្តែងមួយ នៃអ្វីដែលអាចកើតឡើង ប្រសិនបើចិនទទួលយកលទ្ធិប្រជាធិបតេយ្យ... ក៏ប៉ុន្តែប៉ុន្មានឆ្នាំចុងក្រោយនេះ ទីក្រុងប៉េកាំងបានបង្កើនការជ្រៀតជ្រែកនៅហុងកុង ហើយធ្វើសកម្មភាពដែលជះផលអវិជ្ជមាន ដល់សិទ្ធិក៏ដូចជាសេរីភាព ដែលប្រជាជនហុងកុងត្រូវបានធានាថា នឹងទទួលបានតាមរយៈកិច្ចព្រមព្រៀងអន្តរជាតិ »។
លោកអនុប្រធានាធិបតីអាមេរិកបានបញ្ជាក់ច្បាស់ៗទៀតថា សហរដ្ឋអាមេរិកឈរនៅខាងក្រុមបាតុកម្មទីក្រុងហុងកុង គឺមនុស្សរាប់លាននាក់ ដែលបានធ្វើការតវ៉ាប៉ុន្មានខែមកនេះ ហើយពេលខ្លះក៏មានអំពើហិង្សាប៉ះទង្គិចគ្នាកើតឡើង ដើម្បីតតាំងនឹងអ្វីដែលពួកគេចាត់ទុកថា ជាការគាបសង្កត់កាន់តែខ្លាំងឡើងៗពីចិន។
គួរជម្រាបថា នាឱកាសនោះលោក Mike Pence ក៏បានព្រលះក្រុមហ៊ុនអាមេរិក Nike និងសមាគម NBA ផងដែរ ដែលបានឱនលំទោនដាក់ចិន ពាក់ព័ន្ធសិទ្ធិសេរីភាពនៃការបញ្ចេញមតិ ជុំវិញបញ្ហាក្រុងហុងកុង ព្រោះតែអំណាចទីផ្សារដ៏ធំមហិមានៃ ប្រទេសនេះ។ សម្រាប់ប្រទេសចិនកន្លងមកបានព្រមាន និងអំពាវនាវផងដែរឲ្យ «បាតដៃខ្មៅពីខាងក្រៅ» ឈប់ចូលមកក្រឡុកបញ្ហានៅហុងកុងតទៅទៀត។ បើទោះបីជាទីក្រុងប៉េកាំងមិនបញ្ជាក់ចំៗថា ជាប្រទេសណាមួយក៏ដោយក៏គ្រប់គ្នានៅតែដឹងថា ចិនចង់សំដៅលើអាមេរិកយ៉ាងពិតប្រាកដ៕