(តូក្យូ)៖ តំបន់ភាគខាងកើតប្រទេសជប៉ុន ដែលរងគ្រោះដោយសារទឹកជំនន់ និងគ្រោះរអិលបាក់ដីបង្កឡើងដោយព្យុះទីហ្វុង ហាហ្គីប៊ីស (Hagibis) កាលពីជាង២សប្ដាហ៍មុន បាននិងកំពុងប្រឈមមុខនឹងភ្លៀងធ្លាក់ខ្លាំងនៅថ្ងៃសុក្រនេះ ខណៈអាជ្ញាធរបានឱ្យយោបល់ដល់ប្រជាជនរាប់ម៉ឺននាក់ នៅក្នុងតំបន់ជុំវិញទីក្រុងតូក្យូ ជម្លៀសខ្លួនទៅរកកន្លែងមានសុវត្ថិភាពជាបណ្ដោះអាសន្ន។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNA នៅព្រឹកថ្ងៃសុក្រ ទី២៥ ខែតុលា ឆ្នាំ២០១៩។
យោងតាមប្រព័ន្ធផ្សព្វផ្សាយជប៉ុន មនុស្សយ៉ាងហោចណាស់ ៨២នាក់ បានស្លាប់ដោយសារការវាយប្រហាររបស់ ព្យុះទីហ្វុង Hagibis លើតំបន់ភាគកណ្ដាល និងភាគខាងកើតប្រទេសជប៉ុន ដោយនាំមកជាមួយនូវខ្យល់បក់ និងភ្លៀងធ្លាក់យ៉ាងជោគជាំ។ បន្ថែមពីលើនេះមនុស្សរាប់សិបនាក់នៅតែបន្តបាត់ខ្លួននៅឡើយ ហើយច្រើនជាង ៣០០នាក់បានរងរបួស។
ដោយឡែក ប្រឈមមុខនឹងភ្លៀងធ្លាក់ខ្លាំង អាជ្ញាធរជប៉ុនបានព្រមានពីគ្រោះរអិលបាក់ដី និងទឹកជំនន់ជាមួយការផ្ដល់យោបល់ឱ្យប្រជាជន ៥០,០០០នាក់នៅក្នុងទីក្រុង សាហ្គាមីហាររ៉ា (Sagamihara) ស្ថិតនៅភាគអាគ្នេយ៍ទីក្រុងតូក្យូ ជម្លៀសខ្លួនទៅកាន់កន្លែងមានសុវត្ថិភាព ដែលត្រូវបានរៀបចំឡើងដោយរដ្ឋ។ មិនតែប៉ុណ្ណោះប្រជាជនរស់នៅក្នុងខេត្ត ជីបា (Chiba) ស្ថិតនៅភាគខាងកើតទីក្រុងតូក្យូជាង ១០,០០០នាក់ ក៏ត្រូវបានអាជ្ញាធរបង្គាប់ឱ្យជម្លៀសខ្លួនផងដែរ។
គួរបញ្ជាក់ថា បើតាមអាជ្ញាធរឧតុនិយមជប៉ុន ភ្លៀងធ្លាក់ខ្លាំងត្រូវបានគេរំពឹងថា នឹងវាយប្រហារលើទីក្រុងតូក្យូរហូតដល់ល្ងាចថ្ងៃសុក្រនេះ ដោយនឹងបង្កឱ្យកម្ពស់ទឹកភ្លៀងហក់ឡើងពី ២០០មីលីម៉ែត្រដល់ ៣០០មីលីម៉ែត្រ មុននឹងវាបន្តដំណើរទៅកាន់ភាគខាងជើង។ ចំណែកឯព្យុះត្រូពិច បួឡយ (Bualoi) ដែលបានបក់បោកមកកាន់កោះ អូហ្គាសាវ៉ារ៉ា (Ogasawara) កាលពីថ្ងៃព្រហស្បតិ៍ នៅតែបន្តមានឥទ្ធិពលនៅឡើយ៕