(ម៉ូស្គូ)៖ កងកម្លាំងយោធារុស្ស៊ីប្រមាណ ៣០០នាក់ទៀត ត្រូវបានបញ្ជូនទៅដល់ប្រទេសស៊ីរី ដើម្បីជួយដល់ការផ្លាស់ទីអ្នកប្រយុទ្ធឃើដ ចេញពីតំបន់ព្រំដែនជាប់ជាមួយតួកគី។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មាន Sputnik នៅព្រឹកថ្ងៃសុក្រ ទី២៥ ខែតុលា ឆ្នាំ២០១៩។

នាថ្ងៃសុក្រនេះក្រសួងការពារជាតិរុស្ស៊ីបានប្រកាសថា យោធារុស្ស៊ីប្រហែល ៣០០នាក់ មកពីអង្គភាពដែលឈរជើងនៅឯតំបន់ ជេជិន (Chechen) របស់រុស្ស៊ី បានទៅដល់ស៊ីរីហើយដើម្បីបំពេញកិច្ចការងារពិសេស។ ពួកគេនឹងចាប់ផ្តើមធ្វើប្រតិបត្តិការ សំដៅជួយដល់ការធានាសុវត្ថិភាពប្រជាជនស៊ីរី និងរក្សាសន្តិសុខសណ្តាប់ធ្នាប់ ព្រមទាំងល្បាតតំបន់ដែលត្រូវបានកំណត់ទុក និងជួយដល់ការដកកងកម្លាំងឃើដ ព្រមទាំងសព្វាវុធរបស់ពួកគេឲ្យទៅចម្ងាយយ៉ាងតិច ៣០គីឡូម៉ែត្រពីព្រំប្រទល់ស៊ីរី-តួកគី។

គួរជម្រាបថា ការចល័តយោធារុស្ស៊ីនេះធ្វើឡើង ក្រោយការព្រមព្រៀងគ្នារវាងប្រធានាធិបតីរុស្ស៊ី វ៉្លាឌីមៀ ពូទីន និងប្រធានាធិបតីតួកគីលោក អឺដូហ្គាន់ ស្តីពីប្រតិបត្តិការយោធារបស់តួកគី នៅភាគខាងជើងស៊ីរី។ ក្នុងកិច្ចព្រមព្រៀងនោះ យោធារុស្ស៊ី និងកម្លាំងការពារព្រំដែនរបស់រដ្ឋាភិបាលស៊ីរីនឹងត្រូវដាក់ពង្រាយ នៅតាមបណ្តោយព្រំដែនស៊ីរីដែលជាប់តួកគី ដើម្បីសម្របសម្រួលដល់ការផ្លាស់ទី ក្រុមអ្នកប្រយុទ្ធឃើដ និងអាវុធពួកគេចេញពីទីនោះ។

កងកម្លាំងឃើដត្រូវបានកំណត់ឲ្យដកថយ ទៅចម្ងាយយ៉ាងហោចណាស់ ៣០គីឡូម៉ែត្រ ពីព្រំដែនស៊ីរី-តួកគី ខណៈតំបន់ចម្ងាយ ៣០គីឡូម៉ែត្រនោះតួកគីចង់បង្កើតជាតំបន់សុវត្ថិភាព។ កាលពីថ្ងៃទី០៩ ខែតុលា តួកគីបានបើកប្រតិបត្តិការយោធាក្រោមគោលដៅ វាយបណ្តេញកងកម្លាំងឃើដ និងក្រុមភេរវករ ISIS ចេញពីតំបន់ភាគខាងជើងស៊ីរី ដែលនៅក្បែរព្រំដែនរបស់ខ្លួន៕