(តូក្យូ)៖ នាយករដ្ឋមន្ត្រីជប៉ុនលោក អាបេ ស៊ីនហ្សូ បានឱ្យដឹងថា រដ្ឋមន្ត្រីពាណិជ្ជកម្មលោក អ៊ីហ្សូ ស៊ូហ្គាវ៉ារ៉ា (Isshu Sugawara) បានសម្រេចចិត្តលាលែងចេញពីតំណែងហើយ តាមរយៈលិខិតមួយដែលត្រូវបានបញ្ជូនមក។ នេះបើតាមការដកស្រង់ផ្សាយដោយសារព័ត៌មាន Sputnik នៅព្រឹកថ្ងៃសុក្រ ទី២៥ ខែតុលា ឆ្នាំ២០១៩។
តាមរយៈការដកស្រង់សម្ដីដោយទីភ្នាក់ងារព័ត៌មានបារាំង AFP លោក អាបេ ក៏បានទទួលយកលិខិតលាលែងពីតំណែងរបស់លោក Sugawara ផងដែរ បន្ទាប់ពីកិច្ចប្រជុំគណៈរដ្ឋមន្ត្រីនៅថ្ងៃសុក្រនេះ។ លោក អាបេ បន្ថែមយ៉ាងខ្លីដូច្នេះថា «ខ្ញុំសូមទទួលខុសត្រូវចំពោះការតែងតាំងលោក Sugawara ហើយខ្ញុំពិតជា សូមអភ័យទោសយ៉ាងខ្លាំង ចំពោះប្រជាជនជប៉ុនទាំងមូល»។ ចំណែកឯលោក ហ៊ីរ៉ូស៊ី កាជីម៉ាយ៉ា (Hiroshi Kajimaya) ដែលជាអតីតរដ្ឋមន្ត្រីទទួលបន្ទុកកិច្ចការសហគមន៍ នឹងឡើងមកកាន់តំណែងជារដ្ឋមន្ត្រីពាណិជ្ជកម្មថ្មី។
គួរបញ្ជាក់ថា ការសម្រេចចិត្តលាលែងចេញពីតំណែង ជារដ្ឋមន្ត្រីពាណិជ្ជកម្មរបស់លោក Isshu Sugawara ធ្វើឡើងបន្ទាប់ពីមានសេចក្ដីរាយការណ៍ថា លោកបានរំលោភបំពានលើច្បាប់ ស្តីពីយុទ្ធនាការឃោសនាបោះឆ្នោត តាមរយៈការផ្ដល់លុយ២០,០០០យ៉េន ឬស្មើ១៨៥ដុល្លារ ដើម្បីចូលបច្ច័យបុណ្យសពដល់គ្រួសារមួយ ដែលជាអ្នកគាំទ្ររូបលោក ហើយដែលនេះត្រូវបានគេចោទប្រកាន់ថា ជាការផ្ដល់អំណោយដើម្បីទិញទឹកចិត្តអ្នកបោះឆ្នោត៕