(សេអ៊ូល)៖ រដ្ឋមន្ត្រីហិរញ្ញវត្ថុកូរ៉េខាងត្បូង បានឱ្យដឹងថាទីក្រុងសេអ៊ូលនឹងមិនស្វែងរកការលើកលែង ឬ ការអនុគ្រោះពិសេស ពីអង្គការពាណិជ្ជកម្មពិភពលោក (WTO) នៅក្នុងកិច្ចចរចានាពេលអនាគតដ៏ខ្លីខាងមុខ ទៀតនោះទេ បន្ទាប់ពីទទួលរងការរិះគន់ពីលោក ដូណាល់ ត្រំា។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី២៥ ខែតុលា ឆ្នាំ២០១៩។
ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ កាលពីខែកក្កដា កន្លងទៅ បានដាក់សម្ពាធឱ្យអង្គការ WTO លុបចោលនូវការអនុគ្រោះពិសេសផ្នែកពាណិជ្ជកម្មដល់ប្រទេសមួយចំនួនដូចជា ចិន កូរ៉េខាងត្បូង សិង្ហបុរី ព្រមទាំងប្រទេសមួយចំនួនទៀត ដែលលោកអះអាងថា បច្ចុប្បន្នគឺជាប្រទេសអភិវឌ្ឍ ឬអ្នកមានទៅហើយ តែនៅតែពាក់ស្លាកប្រទេសកំពុងអភិវឌ្ឍ ដើម្បីកេងចំណេញក្នុងការធ្វើពាណិជ្ជកម្ម។
ជុំវិញបញ្ហានេះដែរ ថ្លែងក្នុងសន្និសីទសារព័ត៌មានដ៏ខ្លីមួយ នៅថ្ងៃសុក្រនេះ រដ្ឋមន្ត្រីហិរញ្ញវត្ថុកូរ៉េខាងត្បូង លោក Hong Nam-ki បានបញ្ជាក់ថាទីក្រុងសេអ៊ូល នឹងមិនស្វែងរកការអនុគ្រោះពិសេសក្នុងនាមជាប្រទេស កំពុងអភិវឌ្ឍនៅក្នុងកិច្ចចរចានៃអង្គការ WTO នៅពេលខាងមុខទៀតនោះទេ។ ប៉ុន្តែ ទន្ទឹមគ្នា លោក Hong ក៏បានសង្កត់ធ្ងន់ដែរថា នេះមិនមែនមានន័យថាកូរ៉េខាងត្បូង បោះបង់ចោលឋានៈជាប្រទេសកំពុងអភិវឌ្ឍឡើយ ពោលគឺគ្រាន់តែមិនស្វែងរកការអនុគ្រោះពិសេសពី WTO ប៉ុណ្ណោះ បើទោះជាការសម្រេចចិត្តនេះត្រូវបានគេ មើលឃើញថាជាការបោះបង់ចោលឋានៈជាប្រទេសកំពុងអភិវឌ្ឍក៏ដោយ។
គួរបញ្ជាក់ថា កូរ៉េខាងត្បូង ដែលជាប្រទេសមានសេដ្ឋកិច្ចធំជាងគេលំដាប់៤ នៅក្នុងតំបន់អាស៊ី បានរក្សាឋានៈ ជាប្រទេសកំពុងអភិវឌ្ឍក្នុងនាមជាសមាជិក WTO ចាប់តាំងពីអង្គការអន្តរជាតិមួយនេះបង្កើតឡើងនៅឆ្នាំ ១៩៩៥មកម្លេះ ដើម្បីទទួលបានការអនុគ្រោះពិសេសក្នុងវិស័យកសិឧស្សាហកម្ម៕