(ប៉េកាំង)៖ ក្រសួងការបរទេសចិននាថ្ងៃព្រហស្បតិ៍នេះ បានថ្កោលទោសសម្តីរបស់ប្រធានសភាតំណាងរាស្រ្តនៃសហរដ្ឋអាមេរិក លោកស្រី Nancy Pelosi ដែលគាំទ្រចំពោះសកម្មភាពធ្វើបាតុកម្មដោយហិង្សានៅទីក្រុងហុងកុង។ នេះបើតាមការដកស្រង់ការ ផ្សាយចេញពីសារព័ត៌មាន CGTN នៅយប់ថ្ងៃព្រហស្បតិ៍ ទី២៤ ខែតុលា ឆ្នាំ២០១៩។
កាលពីថ្ងៃពុធសប្តាហ៍នេះ លោកស្រី Pelosi បានបង្ហោះរូបភាពនៃជំនួបរបស់លោកស្រីជាមួយក្រុមបុគ្គលបីរូបមកពីទីក្រុងហុងកុង ។ លោកស្រីបានភ្ជាប់នូវខ្លឹមសារថា លោកស្រីគាំទ្រនិងកោតសរសើរយ៉ាងពេញទំហឹង ចំពោះក្រុមបាតុករដែលបានបន្តសកម្មភាព តវ៉ាមួយសប្តាហ៍ហើយមួយសប្តាហ៍ទៀត នៅក្នុងការធ្វើបាតុកម្មដែលលោកស្រីមើលឃើញថា ប្រព្រឹត្តទៅដោយពុំមានអំពើហិង្សា អ្វីនោះឡើយ ដើម្បីតស៊ូសម្រាប់លទ្ធិប្រជាធិបតេយ្យនិងនីតិរដ្ឋនៅទីក្រុងហុងកុង។
ជាការឆ្លើយតបអ្នកនាំពាក្យក្រសួងការបរទេសចិន លោកស្រី Hua Chunying បាននិយាយថា អ្នកនយោបាយនៅអាមេរិកដូចជា លោកស្រី Pelosi នេះហើយ ទើបធ្វើឲ្យពួកគេបាតុករនៅហុងកុងកាន់តែខ្លាំងដៃឡើង។ លោកស្រី Hua បានលើកឡើងថា អំពើ ហិង្សាកើតមានឡើងរហូតក្នុងបាតុកម្មពីមួយសប្តាហ៍ទៅមួយសប្តាហ៍ បែរជាលោកស្រី Pelosi ហៅអ្វីដែលបាននិងកំពុងបន្តកើត ឡើង នៅហិងកុងជាបាតុកម្មអហិង្សាទៅវិញ។
គួរជម្រាបថា ចលនាបាតុកម្មនៅហុងកុង ដែលបានចាប់ផ្តើមឡើងកាលពីខែមិថុនាកន្លងទៅ ដោយសន្តិភាពនោះ នាពេលនេះ បានប្រែក្លាយជាចលនាបាតុកម្មហិង្សាយ៉ាងអាក្រក់មួយ ដែលការវាយក៏ដូចជាដុតបំផ្លាញទ្រព្យសម្បត្តិសាធារណៈ និងការប៉ះ ទង្គិចគ្នារវាងប៉ូលិសនិងបាតុកម្ម បានកើតមានស្ទើរតែរៀងរាល់ចុងសប្តាហ៍៕