(ម៉ូស្គូ)៖ ទីក្រុងម៉ូស្គូបានបញ្ជូនប្រព័ន្ធមីស៊ីលការពារដែនអាកាស S-400 និង Pantsir-S1 ទៅកាន់ប្រទេសស៊ែប៊ីដើម្បីចូលរួមក្នុងសមយុទ្ធយោធាមួយ នៅក្រៅប្រទេសជាលើកដំបូងបំផុត។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Sputnik នៅល្ងាចថ្ងៃព្រហស្បតិ៍ ទី២៤ ខែតុលា ឆ្នាំ២០១៩។
ក្រសួងការពារជាតិរុស្ស៊ីបានបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍មួយថា សមយុទ្ធយោធាខាងលើ ដែលនឹងត្រូវធ្វើឡើងនៅឯមូលដ្ឋានទ័ពអាកាសស៊ែប៊ីឈ្មោះ បាតាចនីកា (Batajnica) នឹងក្លាយជាការចូលរួមធ្វើសមយុទ្ធយោធារួមគ្នារវាងរុស្ស៊ី និងស៊ែប៊ី ស្លាវីចសៀល ២០១៩ (Slavic Shield-2019) នៅក្នុងដំណាក់កាលទី ២។
គួរបញ្ជាក់ថា Slavic Shield-2019 នឹងផ្តោតជាសំខាន់លើ ការពង្រឹងសមត្ថភាពការពារដែនអាកាស តាមរយៈការហ្វឹកហាត់ចាប់សញ្ញាចលនា និងគោលដៅរបស់សត្រូវ។ សមយុទ្ធយោធានេះនឹងត្រូវបញ្ចប់នៅថ្ងៃទី២៩ ខែតុលា៕