(សៀងហៃ)៖ យន្ដហោះដឹកអ្នកដំណើរធុនធំ C919 គ្រឿងទី ៥ របស់ចិន បានបញ្ចប់ការហោះសាកល្បងជាលើកដំបូង នាឯអាកាសទីក្រុងសៀងហៃ កាលពីព្រឹកថ្ងៃព្រហស្បតិ៍នេះ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅរសៀលថ្ងៃព្រហស្បតិ៍ ទី២៤ ខែតុលា ឆ្នាំ២០១៩។
C919 ដែលជាយន្ដហោះផលិតនៅក្នុងស្រុក បានចាប់ហោះហើរសាកល្បងនៅម៉ោង ១០៖០០នាទីព្រឹក ចេញពីអាកាសយានដ្ឋានអន្តរជាតិ ភូទុងសៀងហៃ (Shanghai Pudong) និងត្រឡប់អាកាសយានដ្ឋានដដែលវិញ ដោយចំណាយពេល ១ម៉ោង និង ៣៧នាទី។ ការធ្វើហោះហើរនេះគឺមានគោលដៅធ្វើតេស្ដលើប្រព័ន្ធគ្រប់គ្រង ការបង្កើតអគ្គីស និងគ្រប់គ្រងសីតុណ្ហភាព និងដំណើរការហោះហើរជារួម។
គួរបញ្ជាក់ថា ក្រុមហ៊ុនពាណិជ្ជកម្មយន្ដហោះចិន COMAC គឺជាអ្នកផលិតយន្ដហោះ C919 ដែលយន្ដហោះប្រភេទនេះ ០៤គ្រឿងផ្សេងទៀត បានធ្វើតេស្ដហោះហើរជាលើកដំបូង កាលខែសីហាកន្លងទៅ៕