(ម៉ូស្គូ)៖ រុស្ស៊ីបញ្ជូនយន្តហោះទម្លាក់គ្រាប់បែកពីរគ្រឿង ឲ្យទៅចុះនៅប្រទេសអាហ្រ្វិកខាងត្បូង ស្របពេលដែលលោក វ៉្លាឌីមៀ ពូទីន កំពុងរៀបចំកិច្ចប្រជុំកំពូលជាមួយមេដឹកនាំ នៃបណ្តាប្រទេសអាហ្រ្វិកនៅទីក្រុងសូជី (Sochi) ប្រទេសរុស្ស៊ី។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន Reuters នៅរសៀលថ្ងៃព្រហស្បតិ៍ ទី២៤ ខែតុលា ឆ្នាំ២០១៩។

នៅថ្ងៃពុធសប្តាហ៍នេះយន្តហោះទម្លាក់គ្រាប់បែករុស្ស៊ីធុន ទូប៉ូឡេវ ១៦០ (Tupolev Tu-160) ចំនួន ០២គ្រឿងបានចុះចតនៅមូលដ្ឋានទ័ពអាកាស វ៉តធើលូហ្វ (Waterkloof) នៅទីក្រុង ធីសវ៉ាន (Tshwane) នៃប្រទេសអាហ្រិ្វកខាងត្បូង។ បើតាមក្រសួងការពារជាតិរុស្ស៊ី ការចល័តយន្តហោះទម្លាក់គ្រាប់បែកនេះ មានគោលដៅរឹតបន្តឹងចំណងទាក់ទង នៃវិស័យការពារជាតិជាមួយអាហ្រ្វិកខាងត្បូង។

ក្នុងឱកាសនៃការបើកកិច្ចប្រជុំកំពូលរុស្ស៊ី-អាហ្រ្វិក ដែលបានចាប់ផ្តើមកាលពីថ្ងៃពុធ ហើយនឹងត្រូវបញ្ចប់នៅថ្ងៃព្រហស្បតិ៍នេះ លោក ពូទីន បានអំពាវនាវឲ្យបង្កើនទំហំនៃការធ្វើពាណិជ្ជកម្ម ជាមួយបណ្តាប្រទេសអាហ្រ្វិកឲ្យដល់ទ្វេដង ក្នុងអំឡុងពេលពីបួនទៅប្រាំឆ្នាំខាងមុខ។

គួរជម្រាបថា កិច្ចប្រជុំកំពូលរុស្ស៊ី-អាហ្រ្វិកលើកទីមួយនេះត្រូវគេមើលឃើញថា ជាផ្នែកមួយនៃកិច្ចប្រឹងប្រែងរបស់ទីក្រុងម៉ូស្គូក្នុងការពង្រីកអាជីវកម្មរុស្ស៊ី ចូលទៅកាន់ទឹកដីអាហ្រ្វិក និងស្តារឥទ្ធិពលដែលបានសាបរលាប៕