(បង់ក្លាដែស)៖ តុលាការមួយនៅក្នុងប្រទេសបង់ក្លាដែស បានសម្រេចផ្ដន្ទាទោសប្រហារជីវិតមនុស្ស១៦នាក់ ពីបទឃាតកម្ម ដុតសម្លាប់សិស្សស្រីម្នាក់ ដែលបានរាយការណ៍ពីការរំលោភបំពានផ្លូវភេទលើរូបនាង។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន BBC នៅថ្ងៃព្រហស្បតិ៍ ទី២៤ ខែតុលា ឆ្នាំ២០១៩។
នាង Nusrat Jahan Rafi មានអាយុ១៩ឆ្នាំ បានស្លាប់កាលពីខែមេសាកន្លងទៅ ក្នុងទីក្រុង Feni ស្ថិតនៅចំងាយ ១៦០គីឡូម៉ែត្រពីរដ្ឋធានី Dhaka ហើយមរណភាពនេះ បានបង្កឱ្យមានបាតុកម្មតវ៉ាស្ទើតែទូទាំងប្រទេសដើម្បីទាមទារក យុត្តិធម៌ឱ្យជនរងគ្រោះ។
គួរបញ្ជាក់ថា បើតាមប៉ូលិសបង់ក្លាដែស កាលពីថ្ងៃ០៦ ខែមេសា ឆ្នាំ២០១៩ នាង Nusrat ត្រូវបានគេល្បួងឱ្យឡើងទៅលើ ដំបូលសាលា ពោល១១ថ្ងៃប៉ុណ្ណោះបន្ទាប់ពីនាងរាយការណ៍ប្រាប់ប៉ូលិសថានាយកសាលាឈ្មោះ Siraj Ud Doula បាន រំលោភបំពានផ្លូវភេទមកលើរូបនាង។
ក្រោយមកទៀត នៅលើដំបូលសាលានោះដែរ Nusrat ត្រូវបានឡោមព័ទ្ធដោយមនុស្សពី៤ ទៅ៥នាក់ ដើម្បីបង្ខំឱ្យ ដកពាក្យបណ្ដឹងវិញ តែពេលដែលមានការបដិសេធ មនុស្សទាំងនេះក៏បានព្យាយាមដុតសម្លាប់រូបនាងតែម្ដង។ Nusrat ដែលរងរបួសរលាកភ្លើងជាង៨០ភាគរយ បានទទួលមរណភាពនៅថ្ងៃទី១០ ខែមេសា។ ចំណែកឯ លោក Siraj Ud Doula និងមិត្តរួមថ្នាក់២នាក់របស់នាង ក៏ស្ថិតនៅក្នុងចំណោមមនុស្សទាំង១៦នាក់ ដែលត្រូវបានផ្ដន្ទាទោសប្រហារជីវិត ផងដែរ៕